ប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់រំដោះទឹកចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ - BNP

Breaking

Saturday, August 12, 2023

ប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់រំដោះទឹកចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់

ភ្នំពេញ ៖  នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣នេះ  ប្រតិបត្តិករវារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) នៅក្នុងប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់រំដោះទឹកចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវនាំឲ្យទឹកទំនប់ សាយ៉ាប៊ូរី មានការកើនឡើង។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ក្រសួងកំពុងតាមដាន និងផ្ដល់ព័ត៌មានជាបន្តបន្ទាប់ ថាតើឡាវបើកទឹកក្នុងកម្រិតណា ខណៈទំនប់សាយ៉ាប៊ូរីនៅឆ្ងាយពីកម្ពុជាជាង ១ ពាន់គីឡូម៉ែត្រ ហើយពលដ្ឋកុំទាន់បារម្ភ។

លោក ចាន់ យុត្ថា មានប្រសាសន៍ថា «ពីសាយ៉ាប៊ូរីមកដល់ស្ទឹងត្រែងជាង ១ ពាន់គីឡូ ទម្រាំមកដល់យើង អាចរយៈពេល ១០ ថ្ងៃ ហើយនៅខាងក្រោមទំនប់ក៏មានទំនប់និងអាងទឹកមួយចំនួនដែរ កុំព្រួយបារម្ភពេក»។

មន្ត្រីរដ្ឋលេខាធិការូបនេះ បញ្ជាក់ថា នៅក្នុងក្របខណ្ឌរបស់គណៈកម្មការទន្លេមេគង្គ ក៏យើងមានកិច្ចសហការគ្នា ថាតើគាត់បើកក្នុងបរិមាណប៉ុន្មានដើម្បីរំដោះទឹកចេញពីទំនប់របស់គាត់។ ប៉ុន្តែលោកក៏បញ្ជាក់ថា ប្រសិនបើក្នុងករណីទឹកមានការកើនឡើង ឱ្យពលរដ្ឋតាមដាននូវការព្យាករណ៍អំពីកម្រិតកម្ពស់ទឹករបស់ក្រសួងធនធានទឹក ដែលចេញផ្សាយជារៀងរាល់ថ្ងៃ។ ហើយថា ប្រសិនបើទឹកហក់ឡើងខ្លាំងក្រសួងក៏ជម្រាបជូនឱ្យបាន ៣ ថ្ងៃមុនដែរ ប៉ុន្តែបច្ចុប្បន្នមិនបារម្ភទេ គ្រាដែលកម្ពស់ទឹកទន្លេនៅទាបនៅឡើយ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ១១ ខែសីហានេះ បង្ហាញថា ទន្លេមេគង្គ-ស្ទឹងត្រែងទឹកមានកម្ពស់ ៧,៦៨ ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១០,៧០ ម៉ែត្រ។ ទន្លេមមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៧,៣៣ ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រុងប្រយ័ត្ន ២២ ម៉ែត្រ។

ទន្លេមេគង្គ-កំពង់ចាម ១១ ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ១៥ ម៉ែត្រ និងទន្លេមេគង្គ ចតុមុខ ទឹកមានកម្ពស់ ៦,៥៩ ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ៕





 

No comments:

Post a Comment

Pages