យុវជន និងយុវនារីមួយក្រុម ដែលតែងតែប្រមូលសំរាមនៅក្នុងលូប្រឡាយ និងកន្លែងផ្សេងៗ - BNP

Breaking

Tuesday, July 4, 2023

យុវជន និងយុវនារីមួយក្រុម ដែលតែងតែប្រមូលសំរាមនៅក្នុងលូប្រឡាយ និងកន្លែងផ្សេងៗ

ភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានកោតសរសើរនូវចំណុចនេះ។ ប្រាកដណាស់ នៅពីក្រោយភាពស្រស់ស្អាតតាមប្រឡាយលូមួយចំនួន មហាជនប្រហែលបានដឹង ឬខ្លះមិនទាន់បានដឹងទេថា តើនរណាជាអ្នកបានចូលរួមចំណែកខ្លះ? កន្លងមក យើងគ្រាន់តែបានដឹងខ្លះៗថា មានយុវជន និងយុវនារីមួយក្រុមដែលតែងតែប្រមូលសំរាមនៅក្នុងលូ ប្រឡាយ និងកន្លែងផ្សេងៗ។ សកម្មភាពនេះទទួលបានការគាំទ្រខ្លាំងពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ។

 ថ្មីៗកន្លងទៅនេះ មានការចែកចាយនូវរូបភាពទឹកភ្លៀងដែលលិចផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ ដែលពុំមានសំរាមអណ្តែតឡើយ រហូតមានការកោតសរសើរថា ពិតជារឿងប្រពៃណាស់ដែលមិនមានសំរាមអណ្តែងពេញដងផ្លូវដែលកំពុងជន់លិចទឹកភ្លៀង។


ក្រុមនិស្សិតដែលតែងប្រមូលសំរាមនៅតាមទីសាធារណៈផ្សេងៗនោះ ក៏តែងបង្ហាញពីសកម្មភាពជាញឹកញាប់នៅលើបណ្តាញសង្គម ដោយមានអ្នកចូលមើលរាប់លានដងពីសកម្មភាពដ៏ល្អមួយនេះ ។ មហាជនពិតជាចង់ជ្រាបពីព័ត៌មានមួយនេះថា តើក្រុមរបស់ពួកគាត់មានឈ្មោះអ្វី? មូលហេតុអ្វីបានជាពួកគាត់ ចុះប្រមូលសំរាមក្នុងប្រឡាយ លូ និងកន្លែងផ្សេងៗដូច្នេះ? ថាតើអ្វីដែលជាគោលបំណងនៃសកម្មភាពមនុស្សធម៌របស់ពួកគាត់?

លោក សុភេម ដែលជាយុវជនស្ម័គ្រចិត្តប្រមូលសំរាមបានទម្លាយឱ្យដឹងនូវមូលហេតុដែលលោកបង្តើតក្រុមមួយនេះឡើងថា គឺលោកចង់ឱ្យនិស្សិត និងសាធារណជនបានយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេស គឺចង់សម្អាតទីក្រុងតែងម្តង ព្រោះលោកសង្កេតឃើញថា នៅតាមប្រឡាយ លូ និងកន្លែងផ្សេងៗជាច្រើនទៀត មានសំរាមបោះចូលជាច្រើន អណ្តែតពីប្រឡាញ។ ដូច្នេះក្រុមរបស់លោកតែងតែទៅប្រមូល ៤ទៅ៥ដង ក្នុងមួយសប្តាហ៍ ហើយការប្រមូលនេះគឺចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់១១ឬម៉ោង១២ថ្ងៃត្រង់ ឬអាចលើសពីនេះទៅតាមភាពជាក់ស្តែង និងពេលល្ងាចគឺប្រមូលចាប់ពីម៉ោង៥ដល់៦ល្ងាច។

ក្រុមនិស្សិតប្លាស្ទិច ដែលជាការដឹងនាំដោយលោក សុភេម ផ្ទាល់ មានសមាជិកប្រមាណជា១០នាក់ដែលចូលរួមបំពេញសកម្មភាពប្រមូលសំរាម ដោយចង់ផ្សព្វផ្សាយ បំផុសពួកគាត់ ឱ្យទុកដាក់សំរាមអោយបានល្អ ជាពិសេសក្នុងរដូវដែលមានភ្លៀងធា្លក់នេះតែម្តង ដែលវាអាចបង្កជាបញ្ហាដល់ពួកយើងទាំងអស់គ្នា ។ និស្សិតប្លាស្ទិច ដែលជាក្រុមមួយទើបតែបង្កើតឡើងក្នុងរយៈពេលមួយឆ្នាំដោយលោក សុភេម បានបន្តថា សំរាមដែលគ្មានអត្ថប្រយោជន៍ដែលប្រមូលបាន គឺប្រមាណជា៩០ភាគរយ ដែលត្រូវប្រមូលបានយកទៅទីលានចាក់សំរាម ហើយការដែលបំពេញសកម្មភាពមនុស្សធម៌មួយនេះក៏ទទួលបាននូវការកោតសរសើរពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធដែលតែងតែមកត្រួតពិនិត្យពីការសកម្មភាពប្រមូលសំរាមរបស់ពួកគាត់ផងដែរ  ៕





 

No comments:

Post a Comment

Pages