រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារសេវាសង្គម - BNP

Breaking

Saturday, October 9, 2021

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារសេវាសង្គម

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារ សេវាសង្គមនានា ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី អជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ 


ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវ ហ៊ុន កុសនី បានធ្វើការកោតសរសើរវាយតម្លៃខ្ពស់ លោក-លោកស្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទីភារកិច្ច របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍ បែបបទ នីតិវិធីបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ លោកជំទាវអភិបាលរងខេត្ត ក៏បានលើកទឹកចិត្ត ដល់មន្ត្រីពាក់ព័ន្ធ និងអជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ ក្នុងការអនុវត្តកិច្ចការងារ សេវាសង្គមនានាឱ្យបានល្អបន្ថែមទៀត ហើយរដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ជាតិ នៅចាំជួយគាំទ្រជាប់ជាប្រចាំ។


លោកជំទាវបានបញ្ជាក់ថា យោងតាមការរាយការណ៍ និងការពិភាក្សាគ្នារួចមក ឃើញថា បញ្ហាប្រឈមនៅតាមរដ្ឋបាលនីមួយៗ គឺសុទ្ធតែមានរៀងៗខ្លួន ដូច្នេះការបំពេញនូវមុខងារដែលបានផ្ទេរទៅឱ្យអនុវត្តនៅថ្នាក់មូលដ្ឋាន វាស្ថិតលើភាពប៉ិនប្រសព្វ របស់រដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង ដើម្បីទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ទាន់ពេលវេលា និងស្រមទៅតាមនីតិវិធីណែនាំដែលមានជាធរមាន។

 

លោកជំទាវ បានធ្វើការផ្តាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ សូមត្រៀមទទួលនូវវគ្គបណ្តុះបណ្តាលពីថ្នាក់ខេត្តលើប្រធានបទ ស្តីពី«ការអនុវត្តសេចក្តីណែនាំ ស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការបស់រដ្ឋបាលឃុំសង្កាត់តាមរយៈប្រព័ន្ធ អនឡាញ Zoom នៅក្នុងអំឡុងខែតុលានេះ។


ជាពិសេស រដ្ឋបាលក្រុង-ស្រុក ត្រូវត្រៀមចូលរួម ក្នុងការប្រកួត "កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ" ទោះបីមកដល់ពេលនេះ នៅមានស្រុក និងឃុំសង្កាត់មួយចំនួន នៅមិនបានចូលរួមប្រកួតប្រជែងក៏ដោយ តែថ្នាក់ដឹកនាំមាន បំណងឱ្យគ្រប់រដ្ឋបាលទាំងអស់ត្រូវតែចូលរួមប្រកួតប្រជែងគ្នាឱ្យ បានផុលផុស រដ្ឋបាលខេត្តក៏បាន ចេញនូវលិខិតលេខ៨៤៧ ស.ជ.ណ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ជម្រាបជូនដល់រដ្ឋបាលក្រុងស្រុក ទាំង១១ និងរដ្ឋបាលឃុំសង្កាត់ទាំង១២៧ ស្តីពីការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ថ្នាក់ក្រោមជាតិ» រួចហើយផងដែរ៕







 

No comments:

Post a Comment

Pages