អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងស្រុកបាធាយ - BNP

Breaking

Friday, May 21, 2021

អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងស្រុកបាធាយ

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងស្រុកបាធាយ និងស្ថានភាពនៃការផ្អាកសកម្មភាពផលិតកម្មរបស់រោងចក្រនៅរោងចក្រ ជូ ហួយ ហ៊្វូតវែ  និងរោងចក្រ ខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។ 

 

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការព្រួយបារម្ភ និងបានជម្រុញឲ្យរដ្ឋបាលស្រុកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការរៀបចំពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមពីអ្វីដែលមាន ខណៈដែលខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មករ-កម្មការនីរោងចក្រ ចំនួន០៤ នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម បានឆ្លងវីរុសកូវីដ-១៩។ 

 

ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ថា បច្ចុប្បន្ន មានរោងចក្រចំនួន ០៤ មានកម្មករ សរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជម្ងឺកូវីដ ១៩ នេះ ដោយសារ រោងចក្រជាកន្លែងជួបជុំ ហើយក៏ជាប្រភពឆ្លងជម្ងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ ជាក់ស្ដែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ បន្ថែម ដែលធ្វើឲ្យតួលេខអ្នកជំងឺកូវីដ-១៩ ខេត្តកំពង់ចាមកើនឡើងដល់៣០៧នាក់។ ហើយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកវិជ្ជមានកូវីដ-១៩ បន្ថែមទៀត។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន និងក្រុមគ្រួសារ ជៀសអោយផុតពីការឆ្លងនៃជំងឺកូវីដ-១៩  ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕





 

No comments:

Post a Comment

Pages