ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC) - BNP

Breaking

Tuesday, January 5, 2021

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC)

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ SOMTC ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និងសមាជិក សមាជិកាក្រុមការងារ SOMTC ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។


នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកទឹកចិត្តដល់ក្រុមការងារ SOMTC ត្រូវរួបរួមគ្នាធ្វើការងារឲ្យទទួលបានជោគជ័យ នៅក្នុងក្របខណ្ឌសមូហភាព ដើម្បីឲ្យតំណាងក្រសួងមហាផ្ទៃ ជាពិសេសតំណាងកម្ពុជា ចូលរួមវេទិការនានា របស់អាស៊ានពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីឲ្យមានលទ្ធភាពក្នុងការចូលរួមចំណែកជាមួយបណ្ដាប្រទេសដទៃទៀត ក្នុងសមាជិកអាស៊ាន។


បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ SOMTC ក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងធ្វើការងារឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យផងដែរ។ ឯឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារ SOMTC ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការងាររៀងៗខ្លួន ហើយឯកឧត្តម មានក្ដីសង្ឃឹមថា ក្រុមការងារ SOMTC មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការងារទាំងនេះ។


សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC) មានចំនួន៣ រួមមាន ៖ ទី១-ប្រកាសសមាសភាពក្រុមការងារ SOMTC ដែលក្រសួងមហាផ្ទៃបានរៀបចំឡើង,ទី២-ស្វែងយល់អំពីប្រវត្តិខ្លឹមសារទាក់ទងទៅនឹងក្រុមការងារ SOMTC និងទី៣-ទិសដៅបន្ដអនុវត្តក្នុងក្របខណ្ឌសេនាធិការក្រសួងមហាផ្ទៃ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខណ្ឌអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន។


ជាងនេះទៅទៀត ក្រុមការងារ SOMTC ក៏មានតួនាទីជាច្រើន ដូចជា ៖ ប្រឆាំងឧក្រិដ្ឋកម្មឆ្លង, ប្រឆាំងអំពើលួចលើផ្ទៃសមុទ្រ, ប្រឆាំងបទល្មើសបច្ចេកវិទ្យា, ប្រឆាំងបទល្មើសសេដ្ឋកិច្ចអន្ដរជាតិ ព្រមទាំង ប្រឆាំងបទល្មើសជួញដូរសត្វព្រៃ និងឈើខុសច្បាប់។ បន្ថែមពីនេះ ក្រុមការងារ SOMTC ក៏មានតួនាទី ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលានានា ដើម្បីពង្រីងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ ឧក្រិដ្ឋឆ្លងដែន ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕







 

No comments:

Post a Comment

Pages