ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត - BNP

Breaking

Wednesday, August 5, 2020

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ និងមានចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត។

ក្នុងនោះដែល ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត សហការល្អជាមួយ អាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ទៅលើទិសដៅរបស់ខ្លួនដែលរដ្ឋបាលខេត្ត ដាក់ឲ្យអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវសន្ដិសុខ សុវត្ថិភាពល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសហការចុះជួយឧបត្ថម្ភ និងដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនគឺ៖ ១.បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ២.រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការ និងគាំទ្រការងារចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានបន្ថែមទៀត ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវធ្វើការដោះស្រាយបញ្ហា ដែលបានកើតឡើងឲ្យបានល្អប្រសើរសម្រាប់ជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រពិតប្រាកដ ៣.រដ្ឋបាលក្រុង ស្រុកត្រូវជំរុញដោះស្រាយទំនាស់នៅតាមមូលដ្ឋាន របស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ៤.រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ ស្ទឹង បឹង ព្រែក កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចាត់វិធានការអនុវត្តតាមផ្លូវច្បាប់ជាបន្ទាន់ ៥.ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំពីវិធានការរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសវៀតណាម ដែលកំពុងរីករាលដាលក្នុងសហគមន៏យ៉ាងខ្លាំង ព្រមទាំងត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាល និងវិធានការចត្តាឡីស័កឲ្យបានយ៉ាងហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

ឯកឧត្តម បន្តទៀតថា៖ ដើម្បីបន្តពង្រឹងប្រសិទ្ធភាព ការងារ ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីអភិវឌ្ឍខេត្ត ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានឆាប់៕






No comments:

Post a Comment

Pages