រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត - BNP

Breaking

Wednesday, August 5, 2020

រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

 ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តចំនួន ០៥រូប មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ ដែលធ្វើឡើងនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យសមាជិក-សមាជិកា នៃអង្គប្រជុំធ្វើការពិនិត្យ និងមានមតិយោបល់ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ព្រមទាំងបញ្ហាប្រឈមនានា ដែលអង្គភាពបានជួបប្រទះក្នុងការអនុវត្តតួនាទីរបស់ខ្លួនកន្លងមក។ ចំពោះបញ្ហាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនោះដែរ មន្ទីរអង្គភាពជំនាញនៃវិស័យនីមួយៗ បានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំរួចរាល់ រីឯបញ្ហាដែលនៅសេសសល់មួយចំនួន  មន្ទីរអង្គភាពជំនាញនឹងឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំនាពេលក្រោយជាបន្តទៀត។

នៅក្នុងរបាយការណ៍ប្រចាំខែ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាពជំនាញ រួមមាន៖ ការងារកសិកម្មខេត្ត ដំណាំឧស្សាហកម្មរយៈពេលខ្លី អនុវត្តបានចំនួន ១៨ ៥៧៨ហិកតា ស្មើនឹង១០៧,៧៦% នៃផែនការឆ្នាំ តិចជាងឆ្នាំមុនចំនួន ១.៥០០ហិកតា ក្នុងនោះសណ្តែកបាយចំនួន ៤.៣៧៨ហិកតា សណ្តែកដីចំនួន ៨៦៧ហិកតា ដំឡូងមីចំនួន ១៣.២៧១ហិកតា និងអំពៅចំនួន ៦២ហិកតា។

បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកជ្រូក គោ ក្របី ជំងឺញ្ញូវកាសមាន់ និងជំងឺអុតក្តាមគោ ក្របី រាប់ពាន់ក្បាល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ការងារកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះ និងងាយរងគ្រោះបានចំនួន ៧លើក សរុបចំនួន ១២៥គ្រួសារ។ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ បទល្មើសព្រហ្មទណ្ឌទូទាំងខេត្តកើតមាន ៧លើក បើធៀបនឹងខែមុនកើន ៤លើក ឧក្រិត ១លើក បទមជ្ឈឹម ៣ករណី បណ្តាលឱ្យស្លាប់ ១នាក់ របួស ១នាក់។ គ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក បណ្តាលឱ្យស្លាប់ ១នាក់ និងរបួសស្រាល ២នាក់ ទោចក្រយាន្យយន្តខូចធ្ងន់១គ្រឿង។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង/ស្រុក និងមន្ត្រីជំនាញ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា ក្នុងការទប់ស្កាត់ និងបង្រ្កាប់បទល្មើសធនធានធម្មជាតិ និងចុះដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការ និងសេវាសាធារណៈ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេស បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន ចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩នេះ នៅតាមភូមិ/ឃុំ/សង្កាត់ និងតាមសហគមន៍នៅទូទាំងខេត្ត ឱ្យពួកគាត់អនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសសើរដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងទាំងបី និងមន្ទីរអង្គភាពជំនាញ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានលក្ខណៈសមរម្យ និងធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍រីកចម្រើន៕




No comments:

Post a Comment

Pages