សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផល ការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ - BNP

Breaking

Tuesday, July 7, 2020

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផល ការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ដោយមានការ ចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក សមាជិកា គ.ស.ច.គ អភិបាល​នៃគណៈអភិបាល រាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និង​ស្ថាប័ន​​ពាក់ព័ន្ធមួយចំនួន ព្រមទាំងភាគីជាច្រើនរូបទៀត។

បើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំ​ឆមាស​ទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះ​ថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១.៦១៩លើក បណ្ដាល​ឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់​ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។

របាយការណ៍ដដែរ រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរ​លើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។

បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន១៧២នាក់ស្មើ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ៧៧៨នាក់ ស្មើ២៤% (២.៤៤៩/៣.២២៧នាក់)។

ជាងនេះទៅទៀត របាយការណ៍ លើកឡើងថា ប្រតិបត្តិការពិនិត្យអនុវត្តច្បាប់ ប្រចាំ​ឆមាទី១ ឆ្នាំ២០២០ ទទួលលទ្ធផល ដូចជា ៖ បានត្រួតពិនិត្យយានយន្ដសរុប​ចំនួន៩៨៧.០០៣គ្រឿង ក្នុងនោះម៉ូតូចំនួន៦១% ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន២៣៤.១១៤គ្រឿង ស្មើនឹង២៤% ក្នុងនោះម៉ូតូចំនួន៦៥%។

ដោយឡែកការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក រយៈពេល២ខែ(ឧសភា-មិថុនា) បានចពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។

អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់​ទទួលបានប្រាក់ពិន័យចំនួន១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់​ពិន័យចំនួន២០%៕




No comments:

Post a Comment

Pages