លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាការពារ​ជាកម្លាំង​ដ៏សំខាន់​រក្សាសុវត្ថិភាព​ សន្តិសុខ ជូន​ប្រជាពលរដ្ឋ - BNP

Breaking

Thursday, June 25, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាការពារ​ជាកម្លាំង​ដ៏សំខាន់​រក្សាសុវត្ថិភាព​ សន្តិសុខ ជូន​ប្រជាពលរដ្ឋ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារភូមិ ចំនួន ៤១២នាក់ នៃស្រុកកំពង់រោទិ៍ ដែលពិធីត្រូវបានរៀបចំឡើងក្នុងវិទ្យាល័យ ហ៊ុន សែនកំពង់រោទិ៍ ខេត្តស្វាយរៀង  នាព្រឹកថ្ងៃព្រហស្បតិ៍​ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។  លោកជំទាវបានបន្តទៀតក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូការផ្តល់សាច់ប្រាក់ជូនដល់ប្រចាពលរដ្ឋ ក្រ១ និង ក្រ២ អំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោក ។  ក្នុងនោះ ក្រុមប្រជា​ការពារ​ជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិ ឃុំ របស់យើង ហើយកម្លាំងនេះ​ក៏ជាសេនាធិការ​របស់ប៉ុស្តិ៍រដ្ឋបាល​នគរបាលឃុំ ដើម្បីទប់ស្កាត់រាល់​បទល្មើសដែល​កើតមានឡើង​ក្នុងមូលដ្ឋាន។  ជាពិសេស ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពេលមានករណីបទល្មើសផ្សេងៗកើតមានឡើង ត្រូវនៅជាប់ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំ ដោយមិនប្រកាន់និន្នាការអ្វីឡើយ។

លោកជំទាវក៏បានស្នើឲ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។  លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព  និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ក្នុងពិធីសំណេះសំណាលនោះ លោកជំទាវក៏បានផ្តល់នូវសម្លៀកបំពាក់មួយកំផ្លេរ និងថវិកាមួយចំនួន ដល់ប្រជាការពារទាំងចំនួន ៤១២នាក់ ផងដែរ៕







No comments:

Post a Comment

Pages