កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង - BNP

Breaking

Friday, June 26, 2020

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឆមាសទី១ ឆ្នាំ២០២០ ផងដែរ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា លោកមេបញ្ជាការតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវសន្ដិសុខ សុវត្ថិភាពល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ ។

ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ។
២. រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅមូលដ្ឋានបន្ថែមទៀត ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។
៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។
៤.រដ្ឋបាលក្រុង ស្រុកត្រូវជំរុញដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ។
៥.រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ ស្ទឹង បឹង បួរ ព្រែក និងអាងទឹក ហើយក្នុងករណីមានការរំលោភបំពានណាមួយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចាត់វិធានការអនុវត្តតាមផ្លូវច្បាប់ជាបន្ទាន់
៦.ត្រូវទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតិ និងការសង់តូបលក់ដូរនានាដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ។
៧.មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាក្រុង-ស្រុក ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអំពីការបង្ការជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនឈាមជាដើម ព្រមទាំងត្រូវបន្តពង្រឹងការអនុវត្តវិធានការចត្តាឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ ។
៨.បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានតឹងរ៉ឹងបំផុត៕








No comments:

Post a Comment

Pages