ប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ មកពីក្នុងស្រុកចំនួន២ គឺស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស បានមកទទួលអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា - BNP

Breaking

Tuesday, May 12, 2020

ប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ មកពីក្នុងស្រុកចំនួន២ គឺស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស បានមកទទួលអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា

ខេត្តកំពត៖ គ្រួសារប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះក្នុងគោលដៅ មកពីក្នុងស្រុកចំនួន២ គឺស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស សរុបចំនួន១០០គ្រួសារ ត្រូវបានមកទទួលអំណោយ មនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ដែលកម្មវិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សា អ៊ុយ ស៊ើង ត្រាំសសរ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលខេត្ត លោក-លោកស្រី អភិបាលរងខេត្តសមាជិក សមាជិកាសាខា អនុសាខាកាកបាទក្រហម និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមជាវ តាយប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកបញ្ជាក់ថា ជានិច្ចកាល កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែបានបំពេញបេសកកម្មមនុស្សធម៌ រួមសុខរួមទុក្ខ រំលែកលំបាក ជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលាទូទាំងប្រទេស ពោលទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមជានិច្ចដោយមិនបានរើសអើង។ ជាក់ស្តែង ស្ថិតក្នុងស្ថានភាពប្រទេសជាតិ និងពិភពលោករួមគ្នា ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តែងបានចូលរួម ជាមួយអាជ្ញាធរសាធារណៈគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចុះដល់មូលដ្ឋាន ដើម្បីអប់រំផ្សព្វផ្សាយ ពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ និងផ្គត់ផ្គង់សម្ភារៈបរិក្ខារ ស្បៀងអាហារទំនុកបំរុងជូនដល់ប្រជាពលរដ្ឋដែលប្រឈមការខ្វះខាត ដោយមិនទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់មិនបានដឹងនិងមិនបានដោះស្រាយឡើយ។

ឯកឧត្តមជាវ តាយក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់អនុវត្តប្រកាន់ខ្ជាប់ អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ឧស្សាហ៍លាងសម្អាត ដៃដោយសាប៊ូឬទឹកអាកុល ដើម្បី រក្សាបាននូវសុខភាពល្អ ជៀសផុត ការឆ្លង នៃវីរុសកូវីដ១៩ដ៏កាចសាហាវនេះ មកលើសង្គមគ្រួសារនិងសហគមន៍យើង ព្រោះជំងឺកាចសាហាវនេះនៅពុំទាន់ធូរស្បើយនៅឡើយទេនាបច្ចុប្បន្ន ក្នុងពិភពលោកយើងនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដាំផ្ញើដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ បង្កបង្កើនផលកសិកម្ម ដាំដុះចិញ្ចឹមសត្វ ដើម្បីជួយដោះស្រាយសម្រាលការខ្វះខាតក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ និងក្រើនរំលឹកណែនាំដល់សមាជិកគ្រួសារឲ្យចូលរួមអនុវត្តច្បាប់នានា របស់រាជរដ្ឋាភិបាលឲ្យបានល្អ ជៀសឲ្យផុតពីល្បែងអបាយមុខគ្រឿងញៀន និងបើកបរត្រូវមានការប្រុងប្រយ័ត្នចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីសេចក្ដីសុខ និងការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនោះ សរុបចំនួន១០០គ្រួសារក្នុងនោះ មកពីស្រុកអង្គរជ័យចំនួន៥០គ្រួសារ ស្រុកបន្ទាយមាសចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ  អំបិល២គីឡូ ទឹកសុទ្ធ១យួរ ម្រេចម៉ត់១កញ្ចប់តូច និងថវិកា២ម៉ឺនរៀល ព្រមទាំងបានជូនថវិកាចំនួន ៥៥ម៉ឺនរៀល ជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ និងគ្រូពេទ្យផងដែរ។







No comments:

Post a Comment

Pages