រដ្ឋបាលក្រុងលីស៊ួយខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាំយកអំណោយជាបរិក្ខាពេទ្យប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប - BNP

Breaking

Tuesday, April 21, 2020

រដ្ឋបាលក្រុងលីស៊ួយខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាំយកអំណោយជាបរិក្ខាពេទ្យប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលស្វាគមន៍ រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៅសាលាខេត្តសៀមរាប និងបាននាំយកអំណោយជាបរិក្ខាពេទ្យ មានម៉ាស់ N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ១០០កំប្លេរ និងម៉ាស់ ចំនួន១ម៉ឺនម៉ាស់ មកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប។

លោក Mei Zhongmin ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន សំខាន់ខេត្តសៀមរាប និងក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុងជួបវិបត្តិកូវិដ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងនាមជាបងប្អូនរួមជីវិតតែមួយ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩។

លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុង ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។ ដូច្នេះនៅពេលកម្ពុជាបានកំពុងជួបវិបត្តិកូវិដ១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែកគ្នាជួយមិត្តក្នុងគ្រាលំបាក ក៏បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប យកទៅបម្រើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺ ឆ្លងកូវិដ១៩ ។ ក្នុងនោះដែរលោកក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយមកដល់ថ្ងៃនេះមិនរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ ហើយកត្តាទាំងនេះគឺវិធីសាស្ត្រដ៏ល្អក្នុងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ។

ឯកឧត្តម ទៀ សីហា ក៏បានលើកថា ស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយជាបងប្អូនចិន-កម្ពុជា ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវ វិធីសាស្ត្រ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលបានកំពុងតែ អនុវត្តនៅឡើយ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ហើយនឹងធ្វើការផ្តល់អំណោយទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ហើយម៉ាស់ទាំងនេះនឹងត្រូវបានចែកជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការងារ ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវីដ១៩នេះ ៕



No comments:

Post a Comment

Pages