ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អនុញ្ញាតឲ្យសភាពាណិជ្ជកម្មខេត្ត ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម - BNP

Breaking

Tuesday, March 24, 2020

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អនុញ្ញាតឲ្យសភាពាណិជ្ជកម្មខេត្ត ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម

ខេត្តក្រចេះ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានអនុញ្ញាតឲ្យសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយ លោក កែវ សុទ្ធារិទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ព្រមទាំងរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានចាប់តាំងពីការបង្កើតរហូតដល់បច្ចុប្បន្ន ដែលបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងលោក លោកស្រីដែលជាសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត ។

ក្នុងកិច្ចស្វាគមន៍ និងរាយការណ៍ លោក កែវ សុទ្ធារិទ្ធ ប្រធានប្រតិភូសភាពាណិជ្ជកម្មបានបញ្ជាក់ថា ៖ ការអនុវត្ត តាមតួនាទី និងភារកិច្ចរបស់សភាពាណិជ្ជកម្ម ដែលជាតំណាងឲ្យវិស័យឯកជន បានលៈបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិការផ្ទាល់ខ្លួនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ជាលទ្ធផលបាននាំចេញស្វាយកែវល្មៀតស្រស់ចំនួន២ពាន់តោន ចេកអំបូងលឿង២ពាន់តោន ដំឡូងមីក្រៀមចំនួន៣០ម៉ឺនតោនទៅកាន់ប្រទេសចិន នាំចេញគ្រាប់ស្វាយចន្ទី១ម៉ឺនតោន និងម្រេចចំនួន១ពាន់តោន ទៅកាន់ប្រទេសវៀតណាម ។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលដ៏ល្អ និងចូលរួមអបអរសាទរ ចំពោះលោក កែវ សុទ្ធារិទ្ធ ដែលទើបបោះឆ្នោតជាប់ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ ដែលពិតជាបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ទៅកាន់គណៈប្រតិភូសភាពាណិជ្ជកម្មខេត្ត ដោយបានធ្វើការណែនាំ និងជំរុញទៅដល់សភាពាណិជ្ជកម្មខេត្ត ត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ ពី គម្រោងការកៀរគរអ្នកវិនិយោគិន មកវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។ ដោយធ្វើយ៉ាងណា ត្រូវមានវិធីសាស្ត្រក្នុងការអូសទាញក្រុមអ្នកវិនិយោគឱ្យបានតាមដែលអាចធ្វើទៅបាន។ ព្រោះតួនាទីសភាពាណិជ្ជកម្ម នេះសំខាន់ខ្លាំងណាស់ អាចនិយាយបានថា សម្របសម្រួលការប្រកបអាជីវកម្មក្នុងខេត្ត និងទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកនិងក្រៅប្រទេសមកវិនិយោគនៅក្នុងខេត្តរបស់យើង និងដើម្បីបង្កើតការងារឱ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋឲ្យមានចំណូលសម្រាប់ទ្រទ្រង់ជីវភាព និងជួយកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

ឯកឧត្តម វ៉ា ថន បានជំរុញសភាពពាណិជ្ជកម្មខេត្ត ត្រូវតែចងក្រង ទីផ្សារសហគមន៍ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយធ្វើយ៉ាងណាត្រូវបង្កើនការផលិត និងការលក់របស់បងប្អូនប្រជាពលរដ្ឋនិងជួយរកទីផ្សារបន្ថែមទៀតសម្រាប់ពួកគាត់ ព្រោះប្រសិនបើសភាពាណិជ្ជកម្មជួយសម្របសម្រួលច្រើនលើបញ្ហារកទីផ្សារនេះវានឹងជួយឲ្យបងប្អូនប្រជាពលរដ្ឋមានប្រាក់ចំណូល និងជីវភាពកាន់តែប្រសើរ ។

ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់ប្រតិភូសភាពាណិជ្ជកម្មខេត្តឲ្យ បំពេញតួនាទីជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារ ផលប្រយោជន៍រួមឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាបង្កើននូវទំនុកទុកចិត្ត និង ការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា ហើយរដ្ឋបាលខេត្ត នឹងនូវសហការគាំទ្រជានិច្ចរាល់ដំណើរការរបស់ សភាពាណិជ្ជកម្ម ធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុង ខេត្តក្រចេះ ឲ្យកាន់តែរីកចម្រើនផ្ដល់ផលប្រយោជន៍ឲ្យកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕






No comments:

Post a Comment

Pages