ថវិកាចំនួន២៤លានរៀលឧបត្ថម្ភដល់ស្រុកអង្គស្នួល ដើម្បីធ្វើយុទ្ធនាការចុះអប់រំ និងផ្សព្ធផ្សាយជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន - BNP

Breaking

Tuesday, March 24, 2020

ថវិកាចំនួន២៤លានរៀលឧបត្ថម្ភដល់ស្រុកអង្គស្នួល ដើម្បីធ្វើយុទ្ធនាការចុះអប់រំ និងផ្សព្ធផ្សាយជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកថវិកា ចំនួន២៤លានរៀល ឧបត្ថម្ភដល់ស្រុកអង្គស្នួល ដើម្បីចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ចេញក្រៅពាក់ម៉ាស់អោយបានត្រឹមត្រូវ និងការបង្ការនៃការឆ្លងវីរុសកូវិដ១៩។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី និងប្រទេសដ៏ទៃផ្សេងទៀត ដែលទើបបានត្រលប់មកក្នុងមូលដ្ឋានស្រុករបស់ខ្លួនអោយបានច្បាស់លាស់។ ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន ឯកឧត្ដម អភិបាលរងខេត្ត បានណែនាំអោយអាជ្ញាធរស្រុក ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់។ ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់។

ឯកឧត្ដមអភិបាលរងខេត្ត បន្ថែមថា ការចុះយុទ្ធនាការ ផ្សព្វផ្សាយ អប់រំ និងណែនាំជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ គឺអនុវត្តតាមការគោលការណ៍ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្ដីពីវិធានការណ៍បង្ការ ទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩ ទូទាំងប្រទេសកម្ពុជា។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានបងប្អូនពលករដែលមកពីប្រទេសថៃ ចំនួន០៦នាក់ ហើយស្រុកបានចាត់មន្ត្រីជំនាញចុះពិនិត្យសុខភាពរួចហើយ មិនមានអ្នកផ្ទុកជំងឺកូវីដ១៩ឡើយ ហើយអាជ្ញាធរស្រុកបាន ណែនាំពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីបង្ការការឆ្លងទៅក្រុមគ្រួសារ និងអ្នកជិតខាង។




No comments:

Post a Comment

Pages