ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ - BNP

Breaking

Friday, March 13, 2020

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បត្តិ៍៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនស្ថាបនាផ្លូវ និងកងវិស្វកម្ម ផងដែរ។

តាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេស ពិនិត្យឃើញថាមកដល់បច្ចុប្បន្ន ការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ជួបបញ្ហាប្រឈមមួយចំនួន និងជម្រុញឱ្យក្រុមហ៊ុន និងកងវិស្វកម្មស្ថាបនាផ្លូវទាំង៨ ត្រូវពន្លឿនការសាងសង់ផ្លូវ និងដាក់លូឱ្យបានទ្វេដងទើបទាន់ពេលវេលា។

ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុង​ខេត្តព្រះសីហនុ ដែលប្រើពេលរយ:ពេល៨ខែ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះការអនុវត្តការងារសាងសង់អស់រយ:ពេលជិត៤ខែហើយ។

ក្រុមហ៊ុនទាំង៨ បានធានាការពន្លឿនដំណើការសាងសង់ផ្លូវចាក់បេតុង និងដាក់លូឱ្យបានទាន់តាមផែនការ ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ ដូចខាងក្រោម៖

១.ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និងដាក់ប្រព័ន្ធលូតាមផែនការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និងលូមិនទាន់តាមតម្រូវការនៃរយ:ពេលសាងសង់៨ខែ។
២.បញ្ហាការកកស្ទះចរាចរណ៍នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុនចង់លឿន មិនបានគិតពីផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ប្រព័ន្ធទឹកស្អាត ខ្សែកាបអគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ។
៣.ប្រព័ន្ធលូត្រូវធ្វើការកែសម្រួលតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និងបានជម្រុញឱ្យក្រុមបច្ចេកទេសចុះពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់លូមិនមានលក្ខណ:បច្ចេកទេសត្រឹមត្រូវតម្រូវឱ្យកាយចេញ ។
៤.បញ្ចៀសផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។
៥.ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋានបច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និងការស្រោចទឹក ។ល។

ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំងអស់ត្រូវសហការជាមួយក្រុមហ៊ុនអានកូ (ផលិតទឹកស្អាត) ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បីការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ឱ្យបានរលូនតាមការគ្រោងទុក៕








No comments:

Post a Comment

Pages