នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ យុវជនត្រូវមានជំហររឹងមាំជឿជាក់លើការដឹនាំរបស់សម្ដេចតេជោ កុំជឿតាមការញុះញង់របស់ជនអគតិ ដែលមានបំណងចង់ធ្វើឲ្យប្រទេសធ្លាក់ក្នុងសង្រ្គាម - BNP

Breaking

Wednesday, February 19, 2020

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ យុវជនត្រូវមានជំហររឹងមាំជឿជាក់លើការដឹនាំរបស់សម្ដេចតេជោ កុំជឿតាមការញុះញង់របស់ជនអគតិ ដែលមានបំណងចង់ធ្វើឲ្យប្រទេសធ្លាក់ក្នុងសង្រ្គាម

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យុវជនបច្ចុប្បន្ននេះ មានភ័ព្វសំណាងជាងយុវជនសម័យមុនៗ ដោយមានឱកាសគ្រប់គ្រាន់ បានក្រេបជញ្ជក់ចំណេះវិជ្ជាច្រើនទាំងក្នុង និងក្រៅប្រទេស និងមានការងារធ្វើច្រើន តាមក្រុមហ៊ុនរោងចក្រកាត់ដេរ ទទួលបានប្រាក់ខែ មានជីវភាពរស់នៅសមរម្យ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយយុវជនស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន៧៥០នាក់ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្សភ្នំស្រង់ នាយឧត្តមសេនីយ៍ ហ៉ឺង ប៊ុនហៀង បានបញ្ជាក់ថា យុវជនត្រូវដឹងគុណសន្តិភាព និងស្ថាបនិកសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំធ្វើឲ្យប្រទេស មានសន្តិភាព បានបង្កលក្ខណៈងាយស្រួល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសយ៉ាងរលូន និងរីកចម្រើន លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ជួបជុំក្រុមគ្រួសារកូនចៅ មានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សាបានគ្រប់ៗ។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានលើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិតដើរកម្សាន្ដគ្រប់ទីកន្លែង ជាពិសេសដំណើរការបោះឆ្នោតប្រព្រឹត្តិទៅតាមរដ្ឋធម្មនុញ្ញ។ ផ្ទុយមកវិញប្រសិនបើ ប្រទេសយើង គ្មានសុខសន្តិភាព មានសង្គ្រាមដូចសម័យមុនៗ និងដូចប្រទេសមួយចំនួន លើសកលលោកបច្ចុប្បន្ន លីប៊ី ស៊េរី ច្បាស់ជាប្រជាពលរដ្ឋ និងប្រទេសជាតិ ត្រូវរងទុក្ខវិនាសសកម្មមហន្តរាយជាមិនខាន។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានអះអាងថា យុវជនត្រូវមានជំហររឹងមាំជឿជាក់ លើការដឹនាំរបស់សម្ដេចតេជោ ហ៊ុន សែន កុំជឿតាមការញុះញ៉ុង របស់ជនអគតិមួយចំនួនតូច ដែលមានបំណងចង់ធ្វើឲ្យប្រទេសធ្លាក់ ក្នុងសង្រ្គាមវិនាសហិនហោច ត្រូវបង្កើនការសាមគ្គីគ្នារវាងយុវជន ក្នុងស្រុក និងយុវជនទូទាំងប្រទេស ការពារសន្តិភាពដែលមានបច្ចុប្បន្ន ឲ្យបានគង់វង្ស និងចូលរួមចំណែកអភិវឌ្ឍន៍ជាមួយប្រមុខរាជរដ្ឋាភិបាល។

យុវជនជាទំពាំងស្នងឬស្សី និងជាសសរទ្រូង នៃប្រទេសជាតិ ដូចនេះយុវជនត្រូវមានកម្លាំងខ្លាំងក្លា ប្រាជ្ញាស្មាតីរឹងមាំ ដើម្បីជាអ្នកបន្តវេនដឹកនាំប្រទេស ជាពិសេសយុវជនជៀស ឲ្យឆ្ងាយពីគ្រឿងញឿន ដែលសង្គមមនុស្សជាតិស្អប់ខ្ពើម កុំដើរលេងច្រើនយកពេលទំនេរ ខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ នៅក្នុងសង្គមជាតិ។

ក្នុងឱកាសនោះ លោក ហ៊ីង ប៊ុនហៀង និងលោកស្រី បានប្រគេនវត្តសែនទាវ ឃុំស្រង់ រួមមានគ្រឿងឧបភោគបរិភោគ និងបច្ច័យ៥លានរៀល ព្រមទាំងនាំយកអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ដល់ក្រុមប្រឹក្សាឃុំ ស្រុក និងយុវជន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផងដែរ៕





No comments:

Post a Comment

Pages