គ.ជ.អ.ប រៀបចំសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ - BNP

Breaking

Thursday, December 5, 2019

គ.ជ.អ.ប រៀបចំសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០

ខេត្តឧត្តរមានជ័យ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមក្នុងសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាជាតិនេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា នៅឆ្នាំ២០២០ ខាងមុខនេះ គឺជាឆ្នាំទី២នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៃនីតិកាលទី៦នៃរដ្ឋសភា ជាឆ្នាំចុងក្រោយនៃផែនការអនុវត្តដំណាក់កាលទី៣របស់គ.ជ.អ.ប និងជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០២០) ហើយក៏ជាឆ្នាំដែល គ.ជ.អ.ប ត្រូវគិតគូរអំពីការរៀបចំកម្មវិធីជាតិសម្រាប់ការអនុវត្តដំណាក់កាលបន្ទាប់។ អាស្រ័យហេតុនេះ ការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់ គ.ជ.អ.ប ត្រូវបានគិតគូរប្រមូលផ្តុំនូវបញ្ហាជាអាទិភាពនានាដែលបានកំណត់ក្នុងកម្មវិធីជាតិ១០ឆ្នាំ ហើយដែលយើងមិនទាន់អាចសម្រេចបានក្នុងបណ្តាឆ្នាំកន្លងមក ជាមួយនឹងបញ្ហាជាអាទិភាពនានាដែលគ្រោងសម្រេចឲ្យបាននាឆ្នាំចុងក្រោយនៃកម្មវិធីជាតិនេះដោយផ្អែកលើមូលដ្ឋាននៃកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ(២០១៩-២០២៣) ព្រមទាំងផ្អែកលើមូលដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមបានបន្ថែមថា សេចក្តីព្រាងបឋមនៃផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០នេះ បានរៀបចំឡើង ដោយផ្អែកទៅលើគម្រោងថវិកាសរុបប្រមាណជាង ៣,៥ទ្រីលានរៀល ឬមានចំនួនប្រមាណជិត ៩០០ លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋប្រមាណជិត ៩៥% និងថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ប្រមាណជាង ៥%។ ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួនប្រមាណជាង ៣,៤ ទ្រីលានរៀល ឬមានចំនួនប្រមាណជាង៨៥៥លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិឆ្នាំ២០២០ខាងមុខនេះ មានចំនួនកើនឡើងប្រមាណជិត ១,១ទ្រីលានរៀល ឬ មានចំនួនប្រមាណជាង២៧៦លានដុល្លារអាមេរិក ដោយសារការបង្កើនអត្រាចូលរួមពីថវិការដ្ឋទៅក្នុងមូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និងការបង្កើតឱ្យមាននូវប្រភពចំណូលផ្សេងៗទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំនួនថវិកានេះនៅពុំទាន់បានគិតបញ្ចូលនូវថវិកាដែលត្រូវផ្ទេរសម្រាប់អនុវត្តមុខងារនានា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមុខងារដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌស្របនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងមុខងារក្នុងវិស័យសុខាភិបាលដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្ត តាមរយៈអនុក្រឹត្យដែលបានដាក់ចេញនាពេលថ្មីៗនេះ។

អង្គសិក្ខាសាលាជាតិនេះមានការអញ្ញើញចូលរួមពីសមាជិក គ.ជ.អ.ប ដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិល អភិបាល និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ ៤៥០រូប។

អង្គសិក្ខាសាលាជាតិនេះនឹងត្រូវបិទនាល្ងាចថ្ងៃដដែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។






No comments:

Post a Comment

Pages