លោក ZHOU CHANGQING នាយករងមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំប្រតិភូចូលជួបពិភាក្សាការងារជាមួយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ - BNP

Breaking

Friday, December 6, 2019

លោក ZHOU CHANGQING នាយករងមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំប្រតិភូចូលជួបពិភាក្សាការងារជាមួយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក ZHOU CHANGQING នាយករងមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំប្រតិភូចូលជួបពិភាក្សាការងារជាមួយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលបំណងសិក្សាអំពីស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ និងជម្រុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលអនាគត ។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ស្វាគមន៍ប្រតិភូខេត្តជាំងស៊ូ ជម្រាបជូនពីសក្តានុពល និងភូមិសាស្ត្រខេត្ត មានកំពង់ផែអន្តរជាតិទឹកជ្រៅ អាកាសយានដ្ឋាន​​  អន្តរជាតិ កំពុងត្រូវបានពង្រីកបន្ថែម ឆ្លើយតបតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន កោះ៣២ ផ្លូវដែក តភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ មានរោងចក្រ ២១១ និងសហគ្រាសធុនតូច និងមធ្យមចំនួន ១.០៣៧កន្លែង ស្រូបយកកម្លាំងពលកម្មជាង ៩ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៣ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ចពិសេស ។ ដោយឡែកវិស័យសំណង់ មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩នេះ មាន ៨១៦គម្រោង ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ក៍ជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ លូ អូរ ប្រឡាយ ទឹកស្អាត អគ្គិសនី កាកសំណល់ បរិស្ថាន និងចរាចរណ៍ជាដើម ហើយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ចំនួន ៣៤ខ្សែ មានប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ។

លោកអភិបាលរងខេត្តបានបន្តថា  ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណ:អភិបាលខេត្ត គឺគាំទ្រគោលនយោបាយ "ផ្លូវ១ ខ្សែក្រវ៉ាត់១" និងផ្លូវសូត្រសមុទ្រ របស់ ឯកឧត្តម ស៊ី ជីន​ពីង ស្របនឹងគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ។  លោកសង្ឃឹមថា ដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ ប្រតិភូនឹងទទួលបាននូវពត៌មានថ្មីៗ នៃការវិវឌ្ឍរបស់ខេត្ត និងពាំនាំយកនូវចំណុចល្អៗទៅបន្តផ្សព្វផ្សាយដល់វិនិយោគ ក៍ដូចជាអ្នកទេសចរចិន មកកាន់នៅខេត្តព្រះសីហនុ ។

លោក ZHOU CHANGQING នាយករងមន្ទីរពាណិជ្ជកម្មខេត្ត ជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលបានអនុញ្ញាតិឱ្យគណ: ប្រតិភូចូលជួបពិភាក្សាការងារ សិក្សាឈ្វេងយល់អំពីស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ និងជម្រុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅ ពេលអនាគតកាន់តែជិតស្និត និងនាំសហគ្រាសវិនិយោគចិនមកវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ។​ ខេត្តជាំងស៊ូ មានសេដ្ឋកិច្ចរីកចម្រើន និងបើកចំហរពាណិជ្ជកម្មក្រៅប្រទេសនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មមាន ៦ពាន់លានយាន់ ស្របពេលដែលប្រទេសចិនអនុវត្តគោលនយោបាយ ផ្លូវ១ ខ្សែក្រវ៉ាត់១ និងផ្លូវសូត្រសមុទ្រ អ្នកវិនិយោគខេត្តជាំងស៊ូ បានចេញទៅវិនិយោគនៅខាងក្រៅប្រទស។ ម្យ៉ាងទៀតដោយសារសង្គ្រាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក អ្នកវិនិយោគចិនមកកាន់កម្ពុជាកាន់តែច្រើន ។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ មានលក្ខណៈល្អមិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់រដ្ឋបាលខេត្ត ដែលមានសហគ្រាសខេត្តជាំងស៊ូ១៦០ បានផ្តល់ការងារជូនយុវជនប្រមាណជាង ២ម៉ឺននាក់ ពិសេសទៀតក្រុមហ៊ុន ហុងដូ ជាអ្នកសម្រប សម្រួលការងារបរិស្ថាន ក្លាយជាស្ពានក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្ត ជាំងស៊ូ និងខេត្តព្រះសីហនុ ៕






No comments:

Post a Comment

Pages