លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រ - BNP

Breaking

Tuesday, November 5, 2019

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលបានព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជម្ងឺ គ-ថ្លង់ ដែលមានអ្នកជំងឺបានទទួលសេវាព្យាបាលប្រមាណជាង ៤.១៥២នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដោយឥតគិតថ្លៃ និងទទួលទានអាហារសាមគ្គីរួមគ្នា នារាត្រីថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជ្ជនីដ្ឋានប្រេស៊ីដង់ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលជួយដល់ក្រុមគ្រូពេទ្យអាចដំណើរ ព្យាបាលបានដោយរលូន។ ជាពិសេស លោកជំទាវក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំ ដោយលោក ជេក ម៉េងលី បានដឹកនាំគ្រូពេទ្យឯកទ្ទេសខាង ភ្នែក ត្រចៀក និងជម្ងឺទូទៅ មកពីប្រទេស ចិន អូស្រ្តាលី អង់គ្លេស ហ្វីនលែន តៃវ៉ាន់ ចំនួន ១៣៥នាក់ មកព្យាបាលជម្ងឺដោយឥតគិតថ្លៃ បានបញ្ចប់បេសកកម្មរបស់ខ្លួននៅលើទឹកដីខេត្តស្វាយរៀងដោយទទួលបានជោគជ័យលើសពីការរំពឹងទុក ។

លោកជំទាវបានបន្តទៀតថា នេះជាឆ្នាំទី ១២ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានមកព្យាបាលដោយ ឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា មកដល់បច្ចុប្បន្ននេះ បានជាប្រមាណជាង ៣ម៉ឺននាក់ ។ សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី បានរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ និងពិតជាបានចូលរួមចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកជំទាវក៏បានថ្លែងអំណរគុណ ដល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា ដែលមានទឹកចិត្ត និងសទ្ធាជ្រះថ្លារួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ អង្គការខេមបូឌាវីសិន ដើម្បីជួយក្នុងការងារមនុស្សធម៌ ។ លោកជំទាវក៏បាន សំណូមពរឲ្យ ឯកឧត្តម លោកជំទាវ ឧកញ៉ា បន្តជួយឧបត្ថម្ភបន្ថែមទៀត និងបានស្នើឲ្យលោក ជេក ម៉េងលី បន្តនូវប្រពៃណីនៃការចែករំលែក ក្នុងការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅកម្ពុជាក្នុងគម្រោងបន្តបន្ទាប់ទៀត៕






No comments:

Post a Comment

Pages