ចាប់ពីឆ្នាំ២០២០តទៅ គ្រប់គម្រោង និងកញ្ចប់ថវិកាសម្រាប់រៀបហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវអ៊ុតកៅស៊ូ - BNP

Breaking

Wednesday, October 30, 2019

ចាប់ពីឆ្នាំ២០២០តទៅ គ្រប់គម្រោង និងកញ្ចប់ថវិកាសម្រាប់រៀបហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវអ៊ុតកៅស៊ូ

 ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំវេទិកាពិគ្រោះយោបល់ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងលោក លោកស្រី ដែលជាតំណាងអង្គការសង្គមស៊ីវិលនានាក្នុងខេត្ត ។

មានប្រសាសន៍បើកអង្គវេទិកានាឱកាសនោះ ជាមួយនឹងការបញ្ជាក់ជូនពីគោលបំណងនៃការរៀបចំវេទិកានៅថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការគុណ ចំពោះមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដែលបានសហការរៀបចំវេទិកានេះឡើង និងសម្ដែងនូវការកោតសរសើរចំពោះមន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល កន្លងទៅ បានល្អប្រសើរ ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូល ចូលរួមបញ្ចេញមតិយោបល់ឲ្យបានផុលផុស ជួយគាំទ្ររាល់គម្រោងដែលបានលើកឡើង និងធ្វើយ៉ាងណាបង្រួមសកម្មភាពក្រៅគម្រោងឲ្យនៅតិច ដោយបញ្ចូលសកម្មភាពទាំងនោះទៅក្នុងគម្រោងឲ្យបានច្រើន ធ្វើយ៉ាងណាឲ្យការរៀបចំគម្រោងវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ របស់ខេត្ត កាន់តែមានភាពសុក្រឹត្យ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានានូវភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នារវាងគ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ខេត្តប្រាំឆ្នាំ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស ។

ឯកឧត្តមបន្តថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០២០តទៅ រាល់គម្រោងនិងកញ្ចប់ថវិកាសម្រាប់រៀបហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវចាក់កៅស៊ូ ទោះបីកញ្ចប់ថវិកានោះ តិច ឬច្រើនក៏ដោយ ដើម្បីធានាបាននូវគុណភាពយូអង្វែង។ ចំពោះការអភិវឌ្ឍក្រុងបាវិតចាប់ពីឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង និងរៀបចំកញ្ចប់ថវិកាសម្រាប់ក៏សាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្រុងឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ៕





No comments:

Post a Comment

Pages