សម្តេចក្រឡាហោមអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា - BNP

Breaking

Wednesday, October 30, 2019

សម្តេចក្រឡាហោមអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា

 ខេត្តសៀមរាប៖ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ មានបើកកិច្ចប្រជុំពិគ្រោះយោលប់ មន្ត្រីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាម៉ា (CLM)  ស្តីពី (តួនាទី ប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សកម្ពុជា  ។

បន្ទាប់ពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាអនុប្រធានអច្ចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានធ្វើកិច្ចស្វាគមន៍ និង ការធ្វើចំណាប់អារម្មណ៍របស់តំណាងសហគមអឺរ៉ុប និង  លោកវរៈសេនីយ៍ឯក បណ្ឌិត ផេងសាវ៉ាញ់ ធីផាវង្សសៃ អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈឡាវ និង ឯកឧត្តមឧត្តមសេនីយ៍ទោ អោង ធូ  អនុរដ្ឋមន្ត្រី  ក្រសួងមហាផ្ទៃ មីយ៉ាម៉ា រួចមក  ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្រទេសទាំងបី ជាប្រទេសជិតខាងគ្នា មានវប្បធម៌ប្រហាក់ប្រហែលគ្នា មានព្រំដែនជាប់ជាមួយប្រទេសថៃ ដូចគ្នា ហើយក៏មានប្រជាពលរដ្ឋ បានកំពុងធ្វើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និង មិនស្របច្បាប់  ហើយមួយ ចំនួនបានកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងដំណើរការទេសន្តរប្រវេសន៍ តាំងពីចាកចេញ កន្លែងធ្វើការ រហូតដល់ពេលត្រឡប់មកវិញ ។ យើងទទួលស្គាល់ថា ការធ្វើទេសន្តរប្រវេសន៍ គឺជាសិទ្ធិពលរដ្ឋ ក្នុងការជ្រើសរើសការងារ មុខរបរ និងទីកន្លែងរស់នៅ តែយើងក៏ត្រូវគិតអំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សរបស់ពលករ ការគ្រប់គ្រង និងកិច្ចការពារពលរដ្ឋរបស់យើង ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ ។

សម្តេចក៏បានគូសបញ្ជាក់ថា ទាំងនេះ គឺជាតួនាទីរបស់ប្រទេសយើងទាំងបី ដែលជាប្រទេសបញ្ជូន ដែលចាំបាច់ត្រូវរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួម ហើយ
ប្រទេសនីមួយៗ មានរបៀបគ្រប់គ្រង បទដ្ឋាន និងនីតិវិធីក្នុងការអនុវត្តដោយឡែកៗពីគ្នា ហើយក៏មានទាំងចំណុចល្អ ទាំងចំណុចខ្វះខាត ហើយត្រូវរិះរកស្តង់ដាអនុវត្តមួយ ដែលសមស្របសម្រាប់ប្រទេសទាំងបី គឺជាការចាំបាច់សម្រាប់ការលើកកម្ពស់ សុវត្ថិភាព និងផលប្រយោជន៍ពលករ ក៏ដូចជាកាត់បន្ថយភាពរងគ្រោះក្នុងអំឡុងពេលនៃទេសន្តរប្រវេសន៍ និងផលប៉ះពាល់អវិជ្ជ មានចំពោះពលករ គ្រួសារ និង សង្គមជាតិយើង ។

សម្តេចក្រឡាហោម ក៏បានលើកផងដែរថា ពលករមានតួនាទីនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយការបង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពមួយរបស់រដ្ឋជាសមាជិកអាស៊ាន ទើបមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទរបស់អាស៊ាន ស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ត្រូវបានអនុម័ត ក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយរដ្ឋជាសមាជិកអាស៊ាន ។ កិច្ចព្រមព្រៀងនេះ កំណត់យ៉ាងច្បាស់ពីកាតព្វកិច្ចរបស់រដ្ឋបញ្ចូនពលករ និងរដ្ឋទទួលពលករ (ក្នុងជំពូកទី ៥ និងជំពូកទី ៦) ដោយរដ្ឋសមាជិកត្រូវបំពេញកាតព្វ កិច្ចគោរព និង ការពារសិទ្ធិពលករទេសន្តរប្រវេសន៍។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ សហគមន៍សេដ្ឋកិច្ចអាស៊ានពុំបានបញ្ចូលខ្លឹមសារស្ដីពីការផ្លាស់ទីពលករគ្មានជំនាញ ពលករដែលមានជំនាញទាប និងពលករដែលមានជំនាញមធ្យម ក្នុងការឆ្លងព្រំដែនរបស់ប្រទេសនីមួយៗនោះឡើយ។ ដើម្បីសម្រេចឱ្យបាននូវសមធម៌ បរិយាបន្ន និងស្ថិរភាពនៃកំណើនអាស៊ាន ចាំបាច់ត្រូវមានយន្តការ ដែលឆ្លើយតបចំពោះលំហូរទេសន្តរប្រវេសន៍ទាំងនេះ។

 នេះក៏ជាហេតុផលចាំបាច់មួយ ដែលក្នុងតួនាទីជាប្រទេសបញ្ជូន ត្រូវពិភាក្សាគ្នា ដើម្បីរិះរកគំនិតផ្តួចផ្តើមសមស្រប សម្រាប់ដំណោះស្រាយទាំងនេះផងដែរ ។ លើសពីនេះទៅទៀត «កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់» ដែលបានអនុម័តនៅប្រទេសម៉ារ៉ុក កាលពីខែធ្នូឆ្នាំ២០១៨ កន្លងទៅ ក៏ជាឧបករណ៍សំខាន់មួយ ដែលប្រទេសទាំងអស់ជាសមាជិក ចាំបាច់ត្រូវជម្រុញអនុវត្ត ដើម្បីការពារពលករទេសន្តរប្រវេសន៍ ពីរាល់ទម្រង់នៃការជួញដូរ និងកេងប្រវ័ញ្ច នៅគ្រប់តំណាក់កាលនៃការធ្វើទេសន្តរប្រវេសន៍ ផងដែរ ។

សម្តេច ក៏បានបញ្ជាក់ថា កិច្ចពិភាក្សាពិគ្រោះយោបល់កម្រឹតបច្ចេកទេសថ្នាក់មន្រ្តីជាន់ខ្ពស់ «ស្តីពីតួនាទីប្រទេសបញ្ជូន ក្នុងកិច្ចការពារពលករទេសន្តរប្រវេសន៍» នេះ គឺជាការផ្តួចផ្តើមដ៏មានសារសំខាន់ ហើយក៏ជាការបំពេញករណីយកិច្ច របស់យើងដែលជាប្រទេសសមាជិកក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការពង្រឹងកិច្ចសហការស្វែងរកគន្លឹះដោះស្រាយរួមគ្នារវាងប្រទេសដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា ហើយក៏ជាការបង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ពលករពីភាពរងគ្រោះ និងជនរងគ្រោះ គ្រប់ភេទ គ្រប់វ័យ ក្នុងអំឡុងពេលទេសន្តរប្រវេសន៍ ជាពិសេស ពីអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចគ្រប់រូបភាព ដែលនឹងផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌សម្រាប់ភាគីទាំងសងខាង គឺនិយោជក និងនិយោជិត និងរវាងប្រទេសបញ្ជូន និងប្រទេសទទួល ។

សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់នូវអនុសាសន៍ និង បទពិសោធន៍ល្អៗមួយចំនួន ដើមី្បជាប្រទីបក្នុងកិច្ចប្រជុំពិភាក្សានៃប្រទេសទាំងបី ព្រមទាំងមានសង្ឃឹមជឿជាក់ថា កិច្ចពិភាក្សានេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ដែលប្រតិភូនីមួយៗ នឹងអាចនាំយកលទ្ធផលនៃកិច្ចពិភាក្សា ទៅដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីធ្វើការសម្រេចចិត្ត ក្នុងការធ្វើឲ្យក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ និងកិច្ចការពារប្រជាពលរដ្ឋពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព និងឈានទៅការជួបគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងបី ដើម្បីសម្រេចលើសេចក្តីថ្លែងការណ៍រួម ដំណោះស្រាយរួម នៅពេលអនាគតដ៏ខ្លីខាងមុខ និងអាចដាក់ស្នើការពិភាក្សា ជាមួយភាគីថៃ ដើម្បីរួមសហការគ្នា ដោះស្រាយបញ្ហាពលករឲ្យបានរលូន និងមានប្រសិទ្ធភាព  ៕





No comments:

Post a Comment

Pages