កិច្ចប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត"ស្ដីពី"វឌ្ឍនភាពការងារសម្រេចបានឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត - BNP

Breaking

Saturday, May 18, 2024

កិច្ចប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត"ស្ដីពី"វឌ្ឍនភាពការងារសម្រេចបានឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

កោះកុង÷ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុ ប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពី វឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត។


មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកអភិ បាលរងខេត្ត បានលើកឡើងថា រាជរដ្ឋា ភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភាដែលភាគច្រើនសុទ្ធតែជាយុវជនវ័យក្មេង ប្រកបដោយសក្តានុពល សមត្ថភាព និងឆន្ទៈមនសិការជាតិខ្ពស់ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញនៅខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាអាទិភាពចំនួន ៦ ចំណុចដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២៤នេះ ក្នុងនោះមានរួមបញ្ចូលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ក្នុងគោលបំណងប្រែក្លាយកម្លាំងពលកម្មកម្ពុជាជាមូលធនមនុស្ស ដែលជាធនធានជន្ទល់សម្រាប់គាំទ្រ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ភាពថ្មីប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ សុជីវធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថការងារល្អ សេចក្តីថ្លៃថ្នូរ និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។


កិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយយើងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុននៃតំបន់សេដ្ឋកិច្ចពិសេសកោះកុងជាសមាជិកនៃគណៈកម្មាធិការ បណ្តុះបណ្តាលខេត្តកោះកុងក្នុងគោលបំណងបូកសរុបលទ្ធផលសម្រេចបានឆមាសទី១ ឆ្នាំ២០២៤ ក៏ដូចជា ស្វែងយល់កាន់តែស៊ីជម្រៅនៃយន្តការសម្របសម្រួលនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ការអនុវត្ត កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ១.៥ លាននាក់ ការចុះផ្សព្វផ្សាយ និងជ្រើសរើសសិស្ស និងកិច្ច សហប្រតិបត្តិការនានា ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។


សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលជាលេខាធិការដ្ឋានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត និងជាប្រតិបត្តិករផ្ទាល់ទទួលបានផែនការ បណ្តុះបណ្តាលដល់យុវជនគោលដៅមកពីគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ចំនួន ៣៦០ នាក់។ សម្រាប់ជំហានទី១នេះ វិទ្យាស្ថានទទួលបានសិស្សសរុបចំនួន ១៥៨ នាក់ ស្រី ៣២ នាក់ ដែលកំពុងទទួល ការបណ្តុះបណ្តាលលើជំនាញចំនួន ៣ មានដូចជា ១.ការងារកំបោរ (សរុប ១៨ នាក់ ស្រី ៥ នាក់) ២.ការដំឡើង បណ្តាញអគ្គិសនីក្នុងអគារ (សរុប ៨៤ នាក់ ស្រី ២០ នាក់) និង ៣.ការថែទាំ និងជួសជុលរថយន្ត (សរុប ៥៦ នាក់ ស្រី ៦ នាក់)។ វិទ្យាស្ថានបានផ្សព្វផ្សាយនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា សម្រាប់ជំហានទី១។ សម្រាប់ជំហានទី២វិញ វិទ្យាស្ថានបានដាក់ផែនការជ្រើសរើសសិស្ស ១,៥ លាននាក់ ចំនួន ២១០ នាក់ ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចំនួន ៦ ជំនាញ ដោយបន្ថែមជំនាញថ្មី៣ជំនាញរួម មាន៖ ១-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន ០៦ នាក់ ស្រី ០០ នាក់ ២-ការថែទាំ និងជួសជុលរថយន្ត ចំនួន ០៦នាក់ ប្រុស ៣-ការងារកំបោរ (មិនមាន) ៤-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន ០៥ នាក់ ស្រី ០៤ នាក់ ៥-សេវាកម្មសម្អាងកាយ ចំនួន ០៩ នាក់ ស្រី ០៩ នាក់ ៦-សេវាកម្មកាត់សក់បុរស ចំនួន ០២ នាក់ ប្រុស។ 


សរុបចំនួន ២៨ នាក់ ស្រី ១៣ នាក់ (គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤) សម្រាប់ខេត្តកោះកុង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងបានទទួលគម្រោងជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត ដែលគម្រោងនេះនឹងទទួលបានអគារសាងសង់កម្ពស់៦ជាន់ និងដំឡើងជាន់អន្តេរវាសិកដ្ឋាន បន្ថែមទៀត។ 


ដើម្បីចូលរួមសម្រេចគោលបំណងគោលនយោបាយ និងចក្ខុវិស័យកម្ពុជាដ៏ធំធេងខាងលើ ទាមទារចាំបាច់ ឱ្យមានការចូលរួមយ៉ាងមុះមុតពីគ្រប់តួអង្គពាក់ព័ន្ធ គ្រប់កម្រិត ចូលរួមពង្រឹងគុណភាពនៃការអភិវឌ្ឍន៍ជំនាញកម្ពុជា ឱ្យមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត សំដៅចូលរួមរក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែងក៏ដូចជាការអភិវឌ្ឍប្រកបដោយជ័យភាព៕






 

No comments:

Post a Comment

Pages