អបអរសាទរ អ្នកកំពងស្ពឺ ចំពោះសមិទ្ធផលផ្លូវក្រាលកៅស៊ូ ប្រវែង ៧៨០០ ម៉ែត្រ ស្ថិតនៅឃុំស្គុះ - BNP

Breaking

Monday, May 15, 2023

អបអរសាទរ អ្នកកំពងស្ពឺ ចំពោះសមិទ្ធផលផ្លូវក្រាលកៅស៊ូ ប្រវែង ៧៨០០ ម៉ែត្រ ស្ថិតនៅឃុំស្គុះ

កំពង់ស្ពឺ÷ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង ប្រវែង ៧៨០០ ម៉ែត្រស្ថិតនៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣។   


និមន្ត/អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកជំទាវ ខេង សំវ៉ាដា  រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីរាជការ  បងប្អូនប្រជាពលរដ្ឋប្រមាណ ៦៨៨ នាក់។  


នាឱកាសនៃកិច្ចចាប់ផ្តើម ឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន  ជាពិសេសក្រសួងអភិវឌ្ឍជនបទ ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនខេត្តកំពង់ស្ពឺ ជាពិសេសពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង នាថ្ងៃនេះ។ ឯកឧត្តមបានបន្តថា តាម​រយៈ​សមិទ្ធិ​ផល​ទាំងអស់នេះ យើង​មិន​អាច​បំភ្លេច​បាន​នូវ​តម្លៃ​នៃ​សន្តិភាព ដែលតាមរយៈសន្តិភាពនេះ យើងនឹងអាចទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត។ 


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ក្នុងការលើកគម្រោងជួសជុល ស្តារ និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង ក៏ដូចជានៅជនបទ ដែលការងារនេះជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អ ប្រសើរឡើងជាលំដាប់។ 


នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៃស្រុកសំរោងទង ជាពិសេសអ្នកឃុំស្គុះ ដែលបាន ទទួលផលប្រយោជន៍ដោយផ្ទាល់ពីសមិទ្ធផលនៅថ្ងៃនេះ។ ឯកឧត្តមបានបន្តថា ផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅទៀតនោះគឺជួយបង្កើននូវ ប្រសិទ្ធភាពនៃការដឹកជញ្ជូនកាន់តែល្អប្រសើរ ដែលអាចរួមចំណែកកាត់បន្ថយបាននូវការចំណាយ និងបង្កើននូវចំណូលដល់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិតថែមទៀតផង។


ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ ឯកឧត្តមមានប្រសាសន៍ថា  ក្រោមការដឹកនាំរបស់គណបក្សប្រជាជន មាននាំមកនូវករអភិវឌ្ឍ និងការរីកមុខមាត់របស់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជនតែងតែនៅក្បែរប្រជាជនជានិច្ចមិនថាកាលៈទេសៈណាក៏ដោយ គឺមិនទៅណាឆ្ងាយពីប្រជាជននោះទេ ប្រជាជនដែលរងគ្រោះ និងជួបការលំបាក គឺតែងតែមានគណបក្សប្រជាជនកម្ពុជាចុះជួយ និងសួរសុខទុក្ខភ្លាមៗ។ ជាបទពិសោធន៍មានស្រាប់ នៅពេលដែលជួបព្យុះខ្យល់កន្តាក់ ទឹកជំនន់ ទោះមិនមែនចំយុទ្ធនាការបោះឆ្នោតក៏ដោយ គណបក្សប្រជាជនកម្ពុជាចុះសួរសុខទុក្ខ និងជួយសម្របសម្រួលស្ថានភាពតាមដែលអាចធ្វើបាន។ 


ដោយហេតុថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ កាន់តែខិតជិតមកដល់ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ប្រើប្រាស់សិទ្ធជាប្រជាពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ និងគណបក្សណាដែលខ្លួនជឿជាក់ និងតែងតែនៅក្បែរជាមួយប្រជាពលរដ្ឋ។


សូមជម្រាបជូនថា ផ្លូវក្រាលកៅស៊ូ (DBST) លើចម្ងាយផ្លូវប្រវែង ៧,៨០០ម៉ែត្រ និងទទឹង៩ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៨ ក្នុងនោះឃុំស្គុះ ៦ ភូមិ និងឃុំសែនដី ២ភូមិ ដែលផ្លូវនេះ ជាគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលចំណាយថវិកាសាងសង់សរុបអស់ ៧,០០០,០០០,០០០ (ប្រាំពីរពាន់លាន) រៀល ដែលគិតជាប្រាក់ដុល្លារប្រមាណ ១,៧៥០,០០០ (មួយលាន ប្រាំពីសែន ប្រាំម៉ឺន) ដុល្លារអាមេរិកផងដែរ៕






 

No comments:

Post a Comment

Pages