រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៧១គ្រួសារ - BNP

Breaking

Saturday, February 4, 2023

រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៧១គ្រួសារ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះចំនួន១៧១គ្រួសារមកពីឃុំទាំង៧នៃស្រុកភ្នំស្រួច ដែលការផ្តល់ជូននេះធ្វើឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពិធីនេះប្រារព្ធធ្វើនៅត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួចបានឱ្យដឹងថា÷  ស្រុកភ្នំស្រួច គឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង៥នៃខេត្តកំពង់ស្ពឺ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីខែមករាកន្លងទៅ ដែលជំនន់នេះបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់៤ថ្ងៃជាប់គ្នា។ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ឃុំចំនួន៧ គឺឃុំយាយម៉ៅពេជ្រនិល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ ឃុំអូរ ឃុំត្រែងត្រយឹង ឃុំមហាសាំងនិងឃុំតាំងស្យា ដែលជំនន់នេះបានបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារ។ ក្រៅពីនោះ ជំនន់ទឹកភ្លៀង ក៏បានបង្កផលប៉ះពាល់ដល់សាលារៀនចំនួន០៣កន្លែង នៅឃុំតាំងសំរោង១កន្លែង និងឃុំយាយពេជ្រនិលចំនួន០២កន្លែង ស្រែប្រាំង២ហិកតា ដំណាំផ្សេងៗ ៣២ហិកតា និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ប្រមាណជា៣៧៥២ម៉ែត្រ។


ក្នុងឱកាសនោះឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា÷ ភ្លៀងក្នុងខែនេះ វាពិតជាមិនដែលមានទេតាំងពីដើមតរៀងមក ហើយក៏មិនដែលមានជំនន់ទឹកភ្លៀងក្នុងខែប្រាំងនេះ។ ហើយដោយសារតែការប្រែប្រួលនេះ ទើបធ្វើបងប្អូនប្រជាពលរដ្ឋត្រូវទទួលរងគ្រោះ និងបាត់បង់ទ្រព្យសម្បត្តិ។ តែដើម្បីឆ្លើយតបទៅនិងផលប៉ះពាល់ ដែលបងប្អូនជួបប្រទះ រដ្ឋបាលខេត្តក្រោមការឧបត្ថម្ភគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ បានផ្តល់នូវអំណោយសង្គ្រោះបឋម ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋងាយរងគ្រោះទាន់ពេលវេលា។


ឯកឧត្តម បានបន្តទៀតថា អំណោយដែលផ្តល់ជូនក្នុងពេលនេះ គឺតិចតួចទេ តែវាពិតណាស់បានសម្រួលដល់ការហូបចុក បានមួយរយៈពេលដែរ ទម្រាំបងប្អូនអាចប្រកបកិច្ចការងារឡើងវិញបាន។ ហើយទន្ទឹមនិងនេះដែរ បងប្អូន ត្រូវគិតគូរដល់សុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត ត្រូវនាំសមាជិកគ្រួសារដែលគ្រប់អាយុទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ដុសដើម្បីបង្ការជំងឺកូវីដ-១៩ អប់រំកូនចៅឲ្យចេះគោរពច្បាប់ចរាចរណ៍ នៅឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទផងដែរ៕





 

No comments:

Post a Comment

Pages