រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ - BNP

Breaking

Saturday, February 11, 2023

រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តរតនគិរី។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប នៅសាលាខេត្តរតនគិរី។


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់កើតមាននៅក្នុងឆ្នាំ២០២២ ចំនួន ២លើក ប៉ះពាល់ក្រុង ស្រុក ចំនួន៣(ស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកអូរជុំ) ដែលប៉ះពាល់ ប្រជាពលរដ្ឋ ចំនួន ២.២០៤គ្រួសារ ស្មើនឹងមនុស្ស ៨.២៥៧នាក់(មិនមានអ្នករបួសគ្រោះថ្នាក់ទេ) ផ្ទះសម្បែង ៧៥០ខ្នង សាលារៀន ៥កន្លែង វត្តអារាម ៣កន្លែង និងតូបហាងលក់ទំនិញ ២០កន្លែង ដំណាំកសិកម្ម ២.២២៥ហិកតា ( ស្រូវ១.០៦២ហិកតា) និងជម្លៀសបសុសត្វ ៣.៨៤៩ក្បាល ផ្លូវកៅស៊ូផ្លូវបេតុង ១.២៣០ម (ខូចខាត ២០០ម) ផ្លូវលំ ១៨.៤៨៦ម(ខូចខាត ១៦ម) ស្ពានបេតុង ៤កន្លែង ស្ពានបេឡេត៍ ស្ពានឈើ ១៣កន្លែង(ខូចខាត ២កន្លែង) និងលូកាត់ផ្លូវ ៤៤កន្លែង អណ្ដូងស្នប់ ២៣កន្លែង អណ្ដូងជីក អណ្តូងលូ ១២កន្លែង ស្រះទឹក ១១កន្លែង និងបង្គន់អនាម័យ ៣២៥បង្គន់។ ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត បានសម្របសម្រួលប្រតិបត្តិការអន្តរាគមន៍ ឆ្លើយតបសង្គ្រោះបន្ទាន់ រៀបចំទីទួលសុវត្ថិភាព សរុបចំនួន ៧ទីតាំង និងធ្វើការជម្លៀសប្រជាពលរដ្ឋ សរុបចំនួន ៤០២គ្រួសារ និងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយនាំយកនូវអំណោយសប្បុរសធម៌ពីការកៀរគរប្រភពជំនួយផ្សេងៗដើម្បីសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋ សរុប ចំនួន ២៣១គ្រួសារ ជារួមនៅក្នុងឆ្នាំ២០២២ ខេត្តរតនគិរី មិនខូចខាតនិង ប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយនោះទេ។


ទន្ទឹមនឹងនោះដែរឯកឧត្ដម ក៏បានសម្តែងនូវការកោតសសើរ និងវាយ តម្លៃ ខ្ពស់ ចំពោះ ការខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត  ដែលបានខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបាន បំពេញ មុខនាទី របស់ខ្លួនបាន ល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើង ខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។


ឯកឧត្តម ច័ន្ទ លំផាត់ បានមានប្រសាសន៍ថា៖ ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុនៅពេលអនាគត់ និងការមិនអាចដឹងមុនបាន, មានតែការរួមគំនិតគ្នាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តើមចេញពីប្រជាជនម្នាក់ៗ និងគ្រួសារនីមួយៗ ចូលរួមក្នុងភាពជាម្ចាស់ របស់មូលដ្ឋាន សហគមន៍ ដើម្បីការរស់នៅដោយសុវត្ថភាព ធន់ជាមួយនឹងគ្រោះមហន្តរាយ។ ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងភាពជាដៃគូរក្នុងការការ់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីការពារប្រជាជន និងទ្រព្យសម្បត្តិ គុណភាពជីវភាពរស់នៅ ក៏ដូចជាសមិទ្ធផលទាំងឡាយនៃការអភិវឌ្ឍជាដើម។


ឯកឧត្តមក៏បានជម្រុញឱ្យលេខាធិការដ្ឋានខេត្តធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្ដល់ដំណឹងជាមុន ១២៩៤ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ៕








 

No comments:

Post a Comment

Pages