រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារលាងសម្អាតផ្លូវក្បែរច្រកទ្វារអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំសកល - BNP

Breaking

Saturday, December 17, 2022

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារលាងសម្អាតផ្លូវក្បែរច្រកទ្វារអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំសកល

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តប៉ៃលិន ដោយមានការចង្អុលបង្ហាញណែនាំ ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសាលាក្រៅ និងក្រុមយុវជន ស.ស.យ.ក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាលាងសម្អាតដងផ្លូវជាប់នឹងច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យចូលឆ្នាំសកលឆាប់ៗខាងមុខនេះ។ 


  ក្នុងឱកាសដឹកក្រុមការងារចុះបាញ់ទឹកលាងសម្អាតដងផ្លូវជាតិក្បែរច្រកទ្វារអន្តរជាតិព្រំ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ ក្រោយពីមានកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់ ហើយមានការណែនាំពីលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពេលនេះ ក្រុមការងារបានសស្រាក់សស្រាំយករថយន្តចំនួន២គ្រឿង ដឹកទឹកទៅបាញ់លាងសម្អាតកំទេចធូលីដី ដែល ប្រឡាក់ផ្លូវ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ផ្លុវដង្ហើមប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។ ឯកឧត្តមបន្តទៀតថា ការនាំគ្នាដុសលាងផ្លូវនេះ ជាគំរូឱ្យប្រជាពលរដ្ឋមើលឃើញពីការរក្សាអនាម័យ និង ញ៉ាំងឱ្យពួកគាត់មានការប្រុងប្រយ័ត្នក្នុងការបោះចោលសំរាមផ្តេសផ្តាស នាំឱ្យប៉ះពាល់ដល់បរិស្ថាន។ 


លើសពីនេះ ការលាងសម្អាតផ្លូវក្បែរច្រកទ្វារអន្តរជាតិព្រំ ដើម្បីរក្សាសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសជនជាតិថៃ ដែលនឹងចូលមកលេងក្នុងទឹកដីខេត្តប៉ៃលិន ឱ្យមានអារម្មណ៍ស្រស់ថ្លា ក៏ជាការទាក់ទាញឱ្យកាន់តែចូលមកថែមទៀត។ ម្យ៉ាងវិញទៀត នាឱកាសបុណ្យចូលឆ្នាំសកលនេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំតុបតែងទ្រូងផ្លូវ ដាក់ភ្លើងអគ្គិសនីនៅតាមបង្គោលសងខាងផ្លូវ បំភ្លឺពេលយប់ ដែលបញ្ចេញរស្មីដ៏ត្រចះត្រចង់ មិនព្រួយបារម្ភពេលធ្វើដំណើរ នាពេលយប់។ 


មិនត្រឹមតែការលាងសម្អាតនៅច្រកទ្វារអន្តរជាតិព្រំប៉ុណ្ណោះទេ នៅតាមដងវិថីទូទាំងក្រុងប៉ៃលិន ក៏មានការលាងសម្អាត និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យនៅតាមុខផ្ទះឱ្យបានស្អាតជាប់ជានិច្ច ឱ្យពួកគាត់ចេះដុសលាងកន្លែងប្រឡាក់មុខផ្ទះឱ្យបានស្អាតល្អ ដើម្បីរួមចំណែកទប់ស្កាត់បញ្ហាកើតជំងឺផ្លូវដង្ហើម បង្កើតឱ្យមានទេសភាព សោភ័ណភាពស្រស់បំព្រង ក្លាយទៅជាខេត្តគំរូផងដែរ៕









 

No comments:

Post a Comment

Pages