ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា - BNP

Breaking

Tuesday, July 12, 2022

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ថៃ្ងអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ 


ឯកឧត្តម ស៊ីនហ្សូ អាបេ ជារដ្ឋបុរសជប៉ុនដ៏ឆ្នើមមួយរូប ដែលពិភពលោកទទួលស្គាល់ និងលើកសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សន្តិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងនាមជាមិត្តដ៏ល្អយូរលង់របស់កម្ពុជា ឯកឧត្តម ស៊ីនហ្សូ អាបេ បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែស្អិតរមួតថែមទៀត។ ស្នាដៃល្អៗរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលបានបន្សល់ទុកកន្លងមកនឹងត្រូវបានចងចាំជារៀងរហូតដោយពុំអាចបំភ្លេចបាន។


ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជប៉ុនបានបាត់បង់នូវរដ្ឋបុរសដ៏ឆ្នើមមួយរូបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងប្រជាជនជប៉ុន និងបានសម្តែងនូវសមានចិត្តឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕









 

No comments:

Post a Comment

Pages