ពិធីផ្សព្វផ្សាយស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន លើកដំបូង បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ - BNP

Breaking

Tuesday, July 12, 2022

ពិធីផ្សព្វផ្សាយស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន លើកដំបូង បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស.  ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាព្រឹកមិញនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជារបបសន្តិសុខសង្គមថ្មី និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតនៃវិស័យឯកជន បានសម្រេចបង្កើតឱ្យមានរបបសន្តិសុខសង្គមមួយនេះឡើង។


ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា៖ ដើម្បីឱ្យបងប្អូនកម្មករនិយោជិត និងសាធារណជនទាំងអស់បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកយុទ្ធនាការចំនួន ៩០ថ្ងៃ សម្រាប់ធ្វើការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតនៃវិស័យឯកជន បន្ទាប់ពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារខាងលើ ទទួលបានការអនុម័តយល់ព្រមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។


ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី បានបន្តទៀតថា៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ បានកំណត់យ៉ាងច្បាស់នៅក្នុងអនុសាសន៍ទី៧ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៃអនុសាសន៍ទាំង១០ ក្នុងអំឡុងពេលនៃការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតរយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០១៩ ដែលនេះបង្ហាញឱ្យច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងជាការឆ្លើយតបក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលបានកំណត់អំពីការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ សម្រាប់កម្មករនិយោជិតវិស័យឯកជន ក៏ដូចជាឆ្លើយតបយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 


ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី បានបន្ថែមទៀតថា៖ ដោយសារវិបត្តិកូវីដ-១៩ ដែលជាវិបត្តិសកលបានអូសបន្លាយអស់រយៈពេល ២ឆ្នាំកន្លងទៅ បណ្ដាលឱ្យវិស័យការងារកម្ពុជាជួបនូវបញ្ហាប្រឈមជាច្រើន ដែលពុំអាចដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមមួយនេះបាន ជាមួយគ្នានេះតាមរយៈការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការទប់ស្កាត់ដោយជោគជ័យ លើការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំង ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ ឈានដល់ការបើកដំណើរការឡើងវិញលើគ្រប់វិស័យប្រកដោយភាពជោគជ័យ ជាមួយនឹងសុខសន្ដិភាពដែលគ្របដណ្ដប់ពេញផ្ទៃប្រទេស ព្រមទាំងស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសការអភិវឌ្ឍប្រទេសក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ទើបមានឱកាសដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះជាផ្លូវការ។


តាមរយៈពិធីផ្សព្វផ្សាយខាងលើនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី សង្ឃឹមជឿជាក់ថា យុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ នឹងអាចធ្វើឱ្យនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច ជាពិសេសថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ បន្ទាប់ពីយល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។


សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារខាងលើ ផ្ដល់កិត្តិយសធ្វើបទបង្ហាញដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ A នៃទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាពចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិក សមាជិកា សរុបចំនួន ៣៤១នាក់៕









 

No comments:

Post a Comment

Pages