ក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកថ្មី ស្រុកកោះធំ ចំនួន ១១រូប ត្រូវបានប្រកាសសុពលភាព - BNP

Breaking

Tuesday, July 5, 2022

ក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកថ្មី ស្រុកកោះធំ ចំនួន ១១រូប ត្រូវបានប្រកាសសុពលភាព

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកថ្មី ស្រុកកោះធំ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ មូលដ្ឋាន។


ឯកឧត្តមបានជំរុញដល់ លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំជាពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំព្រែកថ្មី កាន់តែមានការអភិវឌ្ឍន៍ លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។


ឯកឧត្តមបានគួរបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬ គណបក្សនយោបាយផ្សេងៗគ្នាក៏ដោយ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យ ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដូច្នេះ នៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។


សូមជម្រាបថា  ក្រុមប្រឹក្សាឃុំព្រែកថ្មី ដែលត្រូវបានប្រកាសសុពលភាពមានចំនួន ១១រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៨រូប និងមកពីគណបក្សភ្លើងទៀន ៣រូប។











 

No comments:

Post a Comment

Pages