ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកបាធាយ - BNP

Breaking

Friday, June 17, 2022

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកបាធាយ

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងឃុំត្រប់ និងឃុំតាំងក្រាំង ស្រុកបាធាយ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។

បើតាម លោក ចាត ជួប ជាប្រជាពលរដ្ឋ ភូមិរោធ ឃុំត្រប់ បានឱ្យដឹងថា កន្លងទៅប្រជាពលរដ្ឋភូមិរោធ មានការលំបាកនៅក្នុងការធ្វើដំណើរ ឬដឹកផលដំណាំកសិផលផ្សេងៗ យកមកលក់នៅទីផ្សារ  ដែលមានចម្ងាយផ្លូវប្រវែងជាង ១៤គីឡូម៉ែត្រ ដោយសារផ្លូវមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ទាំងរដូវប្រាំងនិងរដូវវស្សា។ កត្តាទាំងនោះបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតច្រើន។

លោក ចាត ជួប បានបន្តទៀតថា ប៉ុន្តែយ៉ាងណាក៏ដោយ ផ្លូវមួយខ្សែនេះក្រោយពេល អាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ស្ថាបនាជាផ្លូវកៅស៊ូប្រភេទ DBST ធ្វើអោយប្រជាពលរដ្ឋអបអរសាទរ និងត្រេកអរយ៉ាងខ្លាំង ដែលបានប្រើប្រាស់ផ្លូវនេះ ជាមធ្យោបាយឆ្លងកាត់ក៏ដូចជាការដឹកកសិផលយកមកលក់នៅទីផ្សារបានងាយស្រួល និងឆាប់រហ័ស ធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង។

ស្ថិតក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិរោធ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានថ្លែងថា «ខ្ញុំតែងតែគិតថា នៅពេលបានផ្លូវកៅស៊ូនេះជូនដល់ប្រជាពលរដ្ឋ អាចធ្វើឱ្យប្រជាពលរដ្ឋយើងអាចធ្វើដំណើរឆ្លងកាត់ និងដឹកកសិផល ទៅកាន់ទីប្រជុំជនផ្សេងៗ បានងាយស្រួល និងឆាប់រហ័ស និងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ យើងក្នុងតំបន់នេះឱ្យមានភាពប្រសើរឡើង»។

ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងទៀតថា ផ្លូវដែលកំពុងស្ថាបនាមានប្រវែងជាង ១៤គីឡូម៉ែត្រ ភូមិរោធ មកភូមិថ្កូវ ក្នុងឃុំតាំងក្រាំង ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ជាជំនួយរបស់រាជរដ្ឋាភិបាល តាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។ បច្ចុប្បន្នផ្លូវមួយខ្សែនេះស្ថាបនាបានប្រមាណជាង ៧០% នឹងអាចរួចរាល់ជាស្ថាពរក្នុងរយៈពេលបីខែទៀត។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិរោធរួច ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ បានបន្តដំណើរចុះត្រួតពិនិត្យផ្លូវមួយខ្សែទៀត ជាប្រភេទផ្លូវក្រាលកៅស៊ូ DBSTដែរ មានប្រវែងប្រមាណជាង ៧គីឡូម៉ែត្រ ចេញពីភូមិអកទៀង ទៅដល់ទួលថ្ងាន់ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ៕









 

No comments:

Post a Comment

Pages