សម្តេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល - BNP

Breaking

Wednesday, May 18, 2022

សម្តេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅគេហដ្ឋានសព ស្ថិតភូមិខលេខ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន នាឱកាសនោះ រួមមានឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សានៃក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយក អគ្គនាយករង និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ស/Iវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួនទៀត នៃក្រសួងមហាផ្ទៃ។


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន។ ក្នុងសារចូលរួមមរណទុក្ខនេះ សម្ដេចបានសង្កត់ធ្ងន់ថាមរណភាពឯកឧត្តមសន្តិបណ្ឌិត មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវ ធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។


ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង១២នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សម្តេចក្រឡាហោម ស ខេង បានឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕








 

No comments:

Post a Comment

Pages