ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអនុវត្តផែនការធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យទូទាំងខេត្តបាត់ដំបង - BNP

Breaking

Wednesday, February 16, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអនុវត្តផែនការធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យទូទាំងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអនុវត្តផែនការធ្វើឲ្យប្រសើងឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យទូទាំងខេត្តបាត់ដំបង ក្នុងនោះមានការអញ្ជើញចូលរួមដោយដោយលោកអភិបាលរងខេត្ត លោកលោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង១៤ លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។


មានប្រសាសន៍ឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ចំពោះកិច្ចការងារសោភ័ណភាព បរិស្ថាន អនាម័យ មិនមែនសំដៅតែក្នុងក្រុងបាត់ដំបង តែមួយមុខប៉ុណ្ណោះទេ ពោលគឺត្រូវធ្វើទូទាំងខេត្តបាត់ដំបងតែម្ដង ក្នុងនោះមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវតែមានកាតព្វកិច្ចមួយដ៏សំខាន់ គឺត្រូវតែមានការរៀបចំជាធុងសំរាម និងកន្លែងដាក់សំរាមបានត្រឹមត្រូវ ដើម្បីរៀបចំឲ្យក្រុមហ៊ុនប្រមូលសំរាមអាចប្រមូលសំរាមបានកាន់តែរហ័ស និងងាយស្រួល។ 


ឯកឧត្តមបានបន្តទៀតថា ក្នុងនោះក្រុមហ៊ុនសំរាមនៅក្នុងខេត្ត ក៏ត្រូវមានកាតព្វកិច្ចមួយគឺយកសំរាមឲ្យបានទៀងទាត់ និងឲ្យអស់នៅតាមមន្ទីរអង្គភាព និងនៅតាមសាធារណៈនានាឲ្យបានកាន់តែឆាប់រហ័ស និងស្អាត ហើយក្នុងនោះ បើសិនជាក្រុមហ៊ុនប្រមូលសំរាមមិនបានគោរពតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនទេ នឹងឈានទៅរកការផ្ដាច់កុងត្រាទាំងស្រុងតែម្ដង។


ឯកឧត្តម សុខ លូ បានបន្តទៀតថា បច្ចុប្បន្ននេះ ចាប់ផ្ដើមមានផ្លែផ្កាជាបណ្ដើរៗហើយ ដោយមានការប្រែប្រួលច្រើន ជាពិសេសបរិស្ថានជុំវិញផ្សារធំបាត់ដំបង(ផ្សារណាត់) ចាប់ផ្ដើមមានការទុកដាក់សំរាមមានរបៀបរៀបរយជាងមុន ដោយលែងមានសំរាមសល់ទុកចោលរាប់ថ្ងៃដូចមុនទៀតឡើយ ដូចនេះប្រជាពលរដ្ឋត្រូវតែបន្តចូលរួមជាមួយអាជ្ញាធរដើម្បីសោភ័ណភាពទីក្រុងរបស់យើង ហើយឥលូវនេះ យើងកំពុងសិក្សាអំពីការដាក់កាម៉េរ៉ាតាមដងផ្លូវដោយក្នុងគោលបំណងទី១គឺដើម្បីពិនិត្យមើលសុខសុវត្ថិភាពនៅតាមដងផ្លូវ ទី២ពិនិត្យមើលអ្នកចោលសំរាមនៅតាមទីសាធារណៈ ដើម្បីពិន័យអ្នកដែលចោលសំរាមផ្ដេសផ្ដាសនៅតាមសាធារណៈ។


ឯកឧត្តមបានណែនាំដល់អភិបាលក្រុងស្រុក រៀបចំកិច្ចប្រជុំជាមួយជាមួយគណៈអភិបាល ដើម្បីស្វែងរកក្រុមហ៊ុនវិនិយោគផ្នែកប្រមូលសំរាមក្នុងស្រុក និងស្វែងរកទីលានចាក់សំរាមដែលទំនេរ ហើយចំពោះស្ទឹង ប្រឡាយ អូរគឺដាច់ខាតមិនត្រូវមានសំរាមឡើយ និងនាំគ្នាចូលរួមក្នុងការរើសសំរាមជាប្រចាំ ដោយមិនចាំបាច់មានទិវាអនាម័យអ្វីឡើយ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ និងដើម្បីសហគមន៍ស្អាតទាំងអស់គ្នា។


ឯកឧត្តមបានក្រើនរំលឹកដល់អភិបាលក្រុងស្រុក ត្រូវតែមានការប្រជុំច្បាស់លាស់ជាមួយចៅសង្កាត់ មេឃុំ មេភូមិ ដើម្បីឲ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ហើយបើសិនជាអាច ត្រូវតែរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងដល់លំនៅដ្ឋានរបស់គាត់ ព្រោះឥឡូវនេះ សញ្ញាណនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងកំពុងតែផ្ទុះជាសហគមន៍ធ្ងន់ធ្ងរនៅឯរាជធានីភ្នំពេញ ដូចនេះយើងត្រូវត្រៀមលក្ខណៈជាបន្ទាន់ទប់ស្កាត់ឲ្យដោយនាំគ្នាចូលរួមចាក់វ៉ាក់សាំងដូសជំរុញទាំងអស់គ្នា៕








 

No comments:

Post a Comment

Pages