លោកជំទាវ មិថុនា ភូថង អភិបាល​ខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល - BNP

Breaking

Friday, December 10, 2021

លោកជំទាវ មិថុនា ភូថង អភិបាល​ខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល

ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា​ កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង។


ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១ធ្នូ​ ២០២១​ ក្រោមប្រធានបទ​ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» និងទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត៥ធ្នូ ២០២១ ក្រោមប្រធានបទ (ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នាបន្តធ្វើសកម្មភាព ដដោយមិនឈប់ឈរឡើយ នៅថ្ងៃទី​៩ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ លោកជំទាវ​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា​ កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា​ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា បានអញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ​ និងចែកអំណោយដល់​អ្នកផ្ទុកមេរោគអេដស៍ ​ចំនួន​ ៤០នាក់ គ្រួសារងាយរងគ្រោះ ចាស់ជរា ៣០នាក់​ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន​ ២៥នាក់​ ​ ដែលស្ថិតនៅ ឃុំស្រែអំបិល​ ស្រុកស្រែអំបិល​ ខេត្តកោះកុង។ 


ក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវ​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា​ បានពាំនាំប្រសាសន៍របស់ឯកឧត្តម ប៊ុន​ លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការ​សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីនឹករលឹក​ និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះបងប្អូនទាំងអស់​ ជាពិសេសពាំនាំនូវការកោតសរសេីរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ អ្នកស្ម័គ្រចិត្តកាកបាទក្រហមដែលតែងតែចូលរួមគ្រប់សកម្មភាពមនុស្សធម៌កន្លងមកដោយមិនគិតពីការលំបាកផ្ទាល់ខ្លួន។ 


ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានផ្តាំផ្ញេីដល់បងប្អូនទាំងអស់​ ត្រូវស្រឡាញ់សុខភាពខ្លួន មនុស្សជាទីស្រឡាញ់ ជាពិសេស​ត្រូវរស់នៅមានអនាម័យ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន​ «៣ការពារ​ និង៣កុំ» ដេីម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ជាមួយគ្នានោះផងដែរ លោកជំទាវ មិថុនា ភូថង ​ប្រធានគណៈកម្មាធិការសាខា​ បានផ្តល់ជូននូវសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ៖

១.សូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជនយុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក។

២.ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។

៣.ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។

៤.​ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍​ ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

៥.ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។

៦.​ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង។

ជាកិច្ចឆ្លេីយតប​ លោក ជា ច័ន្ទកញ្ញា​ តំណាង និងជំនួសមុខបងប្អូនទាំងអស់​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​​ លោកជំទាវ​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន​ លើត ប្រធានកិត្តិយសសាខា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានចុះ និងផ្តាំផ្ញើសួរសុខទុក្ខ​ និងនាំយកអំណោយជាច្រេីនមកផ្តល់ជូននាពេលនេះ។ 

កម្មវិធីនេះអនុសាខាក៏បានទទួលថវិកាឧបត្ថម្ភពី ១.លោកឧកញ៉ា ហេង ហ៊ុយ ចំនួន ៥លានរៀល

២.លោកឧកញ៉ា លឹម បុក ចំនួន ៥លានរៀល ព្រមទាំងសប្បុរសជនជាច្រើនទៀតផងដែរ 


សូមបញ្ជាក់ថា​ អំណោយដែលសាខា និងអនុសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបាន​ ​៖​ អង្ករ​ ២៥គក្រ មី​ ១កេស​ ត្រីខ​ ១ឡូ ទឹកផ្លែឈើស្រស់ ១២កំប៉ុង ទឹកសុទ្ធឱរ៉ាល់១កេស ជេលលាងដៃ ១ដប ម៉ាស់ ៥សន្លឹក អាវយឺត ២អាវ ព្រមទាំងថវិកា ៨ម៉ឺនរៀលដូចៗគ្នា។


ដោយឡែកអ្នកស្ម័គ្រចិត្តកាកបាទក្រហមក្នុងម្នាក់ៗទទួលបាន ៖ មួកសុវត្ថិភាព ១ ជេលលាងដៃ១ដប ម៉ាស់ ៥សន្លឹក អាវយឺត ១អាវ ព្រមទាំងថវិកាសាខា និងថវិកាលោកជំទាវមួយចំនួនផងដែរ៕










 

No comments:

Post a Comment

Pages