អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំក្រុមការងារកងកម្លាំងបន្តអនុវត្តន៍វិធានការទន្ទ្រាន់ដីព្រៃលិចទឹក - BNP

Breaking

Monday, December 13, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំក្រុមការងារកងកម្លាំងបន្តអនុវត្តន៍វិធានការទន្ទ្រាន់ដីព្រៃលិចទឹក

ថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោស្នងការ ឧត្តមសេនីយ៍មេបញ្ជាការ និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញចុះដឹកនាំក្រុមការងារនាំយកផែនទី និងបង្គោលបេតុង ទៅបោះលើព្រំប្រទល់តំបន់បី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។


សូមរំលឹកថាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានការដាក់ចេញនូវវិធានការចំនួន ១១ចំណុច:


១. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដកហូតដីពីអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។

២.ត្រូវរក្សាទុកមួយអន្លើរសិននូវរាល់ក្បាលដីណាដែលបានចេញបណ្ណកាន់កាប់ដីមុនឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩ កន្លងមក។

៣. ជូនអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលព្រំមេ និងរងក្នុងតំបន់៣ នៅលើទីតាំងណាដែលមិនទាន់បានបោះ ឬបង្គោលដែលបានបាត់។ 


ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យ ១៩៧ ដែលមានចំនួន ៤៨ បង្គោល។

៤. ជូនអាជ្ញាធរទន្លេសាប ធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។

៥. ជូនរដ្ឋបាលខេត្ត ទប់ស្កាត់ប្រជាជនមិនការចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ។

៦. ជូនរដ្ឋបាលខេត្ត បន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាបដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់។

៧. ផ្តល់ឱកាសជូនប្រជាពលរដ្ឋឲ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល។ 

៨. ជូនព្រះរាជអាជ្ញាយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគបាលបានកសាងនិងដាក់សំណុំរឿងរួចរាល់។

៩. ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម លើសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់។

១០. ជូនអាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមប្ញស្សី។

១១. រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឺកក្នុងតំបន់៣ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ។


យោងតាមការស្រាវជ្រាវបឋមរបស់ខេត្ត បានរកឃើញការទន្ទ្រាននិងកាន់កាប់ដីរដ្ឋក្នុងតំបន់៣ មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៥ ៣៥០ហិកតា ស្ថិតនៅក្នុងឃុំចំនួន ២ ក្នុងស្រុក ព្រះនេត្រព្រះ ក្នុងនោះមាន៖

ឃុំប្រាសាទ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៣ទីតាំង ស្មើ ៦៥០ហិកតា ក្នុងនោះ មានត្រង់ចំណុចបឹងអាល្បង ប្រហែល១០០ហិកតា ចំណុចបឹងសំបុកសត្វប្រហែល ៥០០ហិកតា និងចំណុចបឹងជ្រោងប្រហែល ៥០ហិកតា ឃុំភ្នំលៀប បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៨ទីតាំង ស្មើ ៤ ៧០០ហិកតា ក្នុងនោះមានចំណុចបឹងក្ងានប្រហែល៥០០ហិកតា ចំណុចបឹងក្ងានកើតប្រហែល៥០០ហិកតា ចំណុចក្នុង-ក្រៅអាងតាម៉ាកប្រហែល ១ ០៧០ហិកតា ចំណុចក្នុង-ក្រៅអាងលី សំអាន ប្រហែល ១ ២៥០ហិកតា ចំណុចក្នុង-ក្រៅអាងតាស៊ុន ប្រហែល ៧០០ហិកតា ចំណុច កៀនស្បូវដល់ក្រពើស្គមប្រហែល ៤៧០ ហិកតា និងចំណុចក្របៅប្រហែល ៣០០ហិកតា៕






 

No comments:

Post a Comment

Pages