គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៖ គិតត្រឹមចុងឆ្នាំ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ភាគច្រើនថៃ - BNP

Breaking

Monday, December 20, 2021

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៖ គិតត្រឹមចុងឆ្នាំ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ភាគច្រើនថៃ

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩មក រហូតដល់ចុងឆ្នាំ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ភាពច្រើនត្រឡប់មកពីប្រទេសថៃ។


លោកជំទាវ ជូ ប៊ុនអេង បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។


លោកជំទាវ បានបញ្ជាក់ថា ក្នុងពេលជំងឺដង្ហើមកាច់សាហាវ កូវីដ-១៩ បានចាប់ផ្ដើមរាតត្បាតដល់បណ្ដាប្រទេស ក្នុងតំបន់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច ការងាររបស់ពលករ ដែលតាមបណ្ដារោងចក្រ សហគ្រាស កសិដ្ឋាន និងការដ្ឋានការងារជាច្រើន ត្រូវបានបិទស្ទើរទាំងស្រុង ធ្វើឱ្យពលករបាត់បងការងារធ្វើ និងប្រាក់ចំណូល ជាពិសេស ពលករគ្មានជំនាញ និងមានចំណូលទាប។


លើសពីនេះទៀត លោកជំទាវ បានបញ្ជាក់ទៀតថា «ការបិទព្រំដែនរបស់ព្រះរាជាណាចក្រថៃ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ បានជំរុញពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង តាមបណ្ដោយបន្ទាត់ព្រំដែន រួមទាំងច្រកព្រំដែនកំរៀង នេះផងដែរ។ យើងត្រួតពិនិត្យយ៉ាងត្រឹមត្រូវបំផុតទាំងបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ និងការគ្រប់គ្រងភាពរាយប៉ាយតាមច្រកមិនផ្លូវការ ទាំងយប់ ទាំងថ្ងៃ។ គិតមកដល់ចុងឆ្នាំ២០២១ នេះ មានចំនួនពលករ ដែលត្រឡប់មកពីក្រៅប្រទេសរហូតដល់ ជាង២៦ម៉ឺននាក់ ដែលក្នុងនោះ មានការវិលត្រឡប់ពីប្រទេសថៃច្រើនជាងគេ»។ 


នាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ក៏បានលើកឡើងថា គ.ជ.ប.ជ បានបើកទូលាយឱ្យអង្គការដៃគូ និងអង្គភាពស្ថាប័ននានា បានចូលរួមសហការគាំទ្រ ក្នុងគោលដៅឆ្លើយតបទៅនឹងគោលបំណង និងតួនាទីរបស់ មណ្ឌលទទួលពលករកំរៀង ដែលបានកំណត់។


លោកជំទាវ បានបន្ថែមថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន មណ្ឌលទទួលពលករកំរៀង ផ្ដោតការយកចិត្តទុកដាក់លើពលករដែលវិលត្រឡប់ ឬត្រូវបានញ្ជូនត្រឡប់ពីប្រទេសថៃ ក្នុងស្ថានភាពនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលប្រឈមនឹងភាពងាយរងគ្រោះ ដោយការឆ្លងជំងឺកូវីដ-១៩ ផង និងប្រឈមនឹងការខ្វះខាតជីវភាព ទ័លច្រក ដែលនាំទៅដល់ការចាញ់កលបោកបញ្ជោតអូសទាញពីមេខ្យល់ជួញដូរមនុស្ស ផងដែរ៕




 

No comments:

Post a Comment

Pages