ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនគ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៤នាក់នៅខេត្តកំពត កាលពីពេលថ្មីៗនេះ - BNP

Breaking

Thursday, November 4, 2021

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនគ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៤នាក់នៅខេត្តកំពត កាលពីពេលថ្មីៗនេះ

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោក លោក ស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក ភួន ឈីម អភិបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក បានអញ្ជើញ ចូលរួមនាំយកអំណោយមនុស្សធម៌ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា មកប្រគល់ជូនក្រុមគ្រួសារមានសមាជិក ០៤នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាន កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកំពត ដែលបានតម្កល់ធ្វើបុណ្យតាម ប្រពៃណីក្នុងបរិវេណវត្តប្រាសាទស្រះកែវ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។


ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមសម្ដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោកស្រី វ៉ាន់ សូរិយា ហៅស្រីអូន ទាំង ប្ដី និងកូន ២នាក់ បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។


ឯកឧត្តមប្រធានសាខា ក៏បានបន្ថែមថា ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបង ប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិន ដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វី ឡើយ។


ជាមួយនេះផងដែរ ឯកឧត្តម អ៊ូច ភា ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើន ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំ របស់ ក្រសួងសុខា ភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាសនៅ គ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រ កន្លះឡើងទៅ) និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើន កុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។


សូមជម្រាបជូនដែរថា អំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ដែលបាននាំយកមកនាពេលនេះរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ៥កេស ទឹកក្រូច ៥កេស ថវិកា ១លានរៀល ព្រមទាំងថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ូច ភា និងលោកជំទាវ ២លានរៀល និងថវិកាមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួនធំ ព្រមទាំង ថវិកាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងសហការីមួយចំនួនធំផងដែរ៕






 

No comments:

Post a Comment

Pages