អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងរៀបចំសោភ័ណ្ឌភាពនៅវិមានឯករាជ្យដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងដើម្បីទាក់ទាញ អ្នកទេសចរ - BNP

Breaking

Wednesday, October 27, 2021

អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងរៀបចំសោភ័ណ្ឌភាពនៅវិមានឯករាជ្យដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងដើម្បីទាក់ទាញ អ្នកទេសចរ

មណ្ឌលគិរី: សំណង់វិមានឯករាជ្យដ៏ល្អប្រណិតមួយត្រូវបានរំលេចឡើងជារូបរាងនៅចំកណ្ដាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ធ្វើឲ្យមានការទាក់ទាញជាខ្លាំង និងជាទីគួរឲ្យចាប់អារម្មណ៍របស់អ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់ចំណុចនេះរៀងរាល់ថ្ងៃ ។    ថ្វីត្បិតសំណង់វិមានឯករាជ្យបានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែរដ្ឋបាលខេត្តមណ្ឌលគិរី កំពុងយកចិត្តទុកដាក់រៀបចំផ្នែកសោភ័ណ្ឌភាពនៅជុំវិញសំណង់វិមានឯករាជ្យឲ្យស្រស់ស្អាតជាងនេះថែមទៀត ដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ០៩វិច្ឆិកាខាងមុខ និងជាផ្នែកទាក់ទាញអ្នកទេសចរផងដែរ ។


ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន់ បានឲ្យដឹងថា ការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធសំណង់វិមានឯករាជ្យ គឺមានក្រាលថ្មមិចកិនបង្ហាប់នៅជុំវិញ និងរៀបចំទីតាំងទំហំ៤០X៦០ សម្រាប់ឈរគោរពពិធីបុណ្យឯករាជ្យជាតិ ។ លោកប្រធានមន្ទីរបញ្ជាក់ថា បើតាមគម្រោងរបស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គឺឲ្យរៀបចំកែលំអរទីលានវិមានឯករាជ្យនេះឲ្យទៅជាតំបន់កម្សាន្តផ្សេងៗទៀតជាច្រើន ដើម្បីទាក់ទាញទេសចរ ក៏ប៉ុន្តែនឹងធ្វើនៅជំហ៊ានបន្ទាប់ ដោយដំណាក់កាលទីមួយ គឺរៀបចំនៅជុំវិញវិមានឯករាជ្យសិន ។                     

  

កាលពីពេលថ្មីៗនេះ នាឱកាសចុះពិនិត្យមើលសោភ័ណ្ឌភាពនិងសណ្ដាប់ធ្នាប់ក្នុងក្រុងសែនមនោរម្យ ឯកឧត្តម ថង សាវុន បានធ្វើការណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់គិតគូរពីសោភ័ណ្ឌភាព    បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងក្រុង រៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែករហូតដល់វិមានឯករាជ្យ ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មីសមរម្យ សម្រាប់អាជីវករដែលលក់ដូរតាមរទេះនៅជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភ័ណ្ឌភាពល្អ សម្រាប់ទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តនៅលើទឹកដីដ៏ស្រស់បំព្រង នៃខេត្តមណ្ឌលគិរី ៕







 

No comments:

Post a Comment

Pages