អាជ្ញាធរខេត្តឧត្ដរមានជ័យ ដឹកនាំកងកម្លាំង ព្រមទាំងមន្ទីរ-អង្គភាព ឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងនៅប្រាសាទតាមាន់ - BNP

Breaking

Wednesday, May 19, 2021

អាជ្ញាធរខេត្តឧត្ដរមានជ័យ ដឹកនាំកងកម្លាំង ព្រមទាំងមន្ទីរ-អង្គភាព ឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងនៅប្រាសាទតាមាន់

(ឧត្ដរមានជ័យ)៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ទីរ-អង្គភាព ឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងលើកជួរភ្នំដងរែកតាមព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចប្រាសាទតាមាន់ កាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។


ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើង ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការចូលរួមទប់ស្កាត់​ការលូចឆ្លងដែនខុសច្បាប់ ក៏ដូចជាការរីករាលជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះជាសហគមន៍ ព្រមទាំងទប់ស្កាត់ពលករដែលទើបតែមកពីប្រទេសថៃ ដោយត្រូវឲ្យពួកគាត់ដាច់ខាតចូលធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន នៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធររៀបចំជូន​។ ឯកឧត្ដម បានបញ្ជាក់ទៀតថា ស្ថិតនៅក្នុងស្ថានការណ៍ប្រទេសជាតិ ជួបការលំបាកនេះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តតួរនាទី ភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងក្រមសីលធ៌ម ត្រូវសហការល្អជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន និងបទបញ្ជាការ របស់គណៈបញ្ជាការឯកភាពខេត្ត   ជាពិសេសសូមឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យជាប្រចាំតាមវិធានការសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ធានាបាននៅសុខសុវត្ថិភាពផ្ទាល់ខ្លួន មិនឲ្យមានការឆ្លងចូលក្នុងជួរកងកម្លាំង ព្រោះថាក្នុងកាលៈទេសៈដ៏លំបាកនេះ ពិតជាមិនអាចខ្វះបាននូវកងកម្លាំងចូលរួមយ៉ាងសកម្មជួយទប់ស្កាត់ឲ្យខានតែបាន ជូនជាតិមាតុភូមិ។


ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានសហការល្អជាមួយកម្លាំងចម្រុះ ខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ និងក្រោមភ្លៀងផងដែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្ដម បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចឲ្យសោះ​នូវជំងឺ​កូវីដ-១៩នេះ ព្រោះវានៅតែជាបញ្ហាចម្បង និងត្រូវប្រឈម​មុខខ្លាំងជាងគេ បើគ្មានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋទេនោះ ឱកាសនៃការ​ផ្ទុះ​ឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ និងបង្កជាហានិភ័យ ហើយឱកាសនៃផល​ប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏រឹតតែប្រឈមមុខយ៉ាងខ្លាំងផងដែរ៕




 

No comments:

Post a Comment

Pages