អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋ - BNP

Breaking

Friday, April 2, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋដែលមាន អាយុចាប់ពី ៦០ឆ្នាំឡើងទៅ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 


ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានប្រសាសន៍ថា ខេត្តព្រះសីហនុរបស់យើងពិតជាមានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំង Covishield (AstraZeneca) ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ តែ០៣រាជធានី ខេត្តប៉ុណ្ណោះគឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ហើយមានប្រសិទ្ធភាពល្អសម្រាប់មនុស្សចាស់។ តែក្នុងនោះយើងសង្កេតឃើញថាប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង បានអញ្ជើញមកចាក់វ៉ាក់សាំងនៅមានចំនួនតិចតួច ដែលមិនទាន់ឆ្លើយតបនឹងផែនការចាក់វ៉ាក់សាំងរបស់យើងនៅឡើយទេ ដោយសារកាលបរិច្ឆេទប្រើប្រាស់វ៉ាក់សាំងមានកំណត់ ដូច្នេះស្នើសុំអំពាវនាវដ៏ទទូចដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង Covishield (AstraZeneca) ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។ 


ជាមួយនេះដែរឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ត្រូវ រៀបចំសណ្ដាប់បានល្អ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ការពារការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ ម៉ែត្រ និងចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕





 

No comments:

Post a Comment

Pages