រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីអបអសាទរខួបលើកទី១១០ នៃទិវានារីអន្តរជាតិ៨មីនា ២០២១ - BNP

Breaking

Friday, March 5, 2021

រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីអបអសាទរខួបលើកទី១១០ នៃទិវានារីអន្តរជាតិ៨មីនា ២០២១

ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ រៀបចំប្រារព្វខួបលើកទី១១០ នៃទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ"ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍ជំងឺកូវីដ-១៩" ក្រោមអធីបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ និងដោយមានការចូលរួមពីសមាគមនារី មន្រ្តីរាជការ កងកម្លាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ ជាស្រ្តីប្រមាណជាង ២៤០នាក់។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ទិវា៨មីនា គឺជាទិវារំលឹកដល់ការលើកកម្ពស់ស្ត្រី ប៉ុន្តែមិនមានន័យថា ស្ត្រីមានសិទ្ធិតែមួយថ្ងៃនោះទេ នៅប្រទេសកម្ពុជាស្ត្រីមានចំនួនច្រើនជាងបុរសដូច្នេះការអភិវឌ្ឍប្រទេសជាតិ ត្រូវតែគិតគូរពីថាមពលរបស់ស្ត្រីឲ្យដូចជាបុរស ដូចប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការជួយស្ត្រី គឺជួយខ្លួនឯង។


ឯកឧត្តម បន្តថាផ្អែកលើមូលដ្ឋានសុខសន្តិភាព ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ ពិសេសកំពុងបន្តអនុវត្តដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីរួមកំណើនការងារសមធម៌ និងប្រសិទ្ធភាពផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ដែលបានដាក់ចេញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី ក្មេងស្រីនិងក្រុមជនងាយរងគ្រោះ ជាវិស័យអទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអតិភាពដទៃទៀតផងដែរ។ ស្ត្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានានូវប្រសិទ្ធភាពបរិយាប័ន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព ដូច្នេះសមភាពយេនឌ័រ គឺជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចការអភិវឌ្ឍ។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នាចុងខែធ្នូ ឆ្នាំ២០១៩ បានបង្កឲ្យបណ្ដាប្រទេសនានាលើសកលលោក រួមទាំងប្រទេសកម្ពុជាផងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកសុខភាពសាធារណៈសេដ្ឋកិច្ច និងសង្គមជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ជាអវិជ្ជមានលើស្ថានភាពសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី។ ហើយស្ត្រី និងក្មេងស្រីរងនូវផលប៉ះពាល់ខ្លាំងជាងបុរស និងក្មេងប្រុសទាំងភ្នែកសេដ្ឋកិច្ច ការអប់រំ អំពើហិង្សា ការរំលោភសេពសន្ថវៈ ការទទួលបានសេវាថែទាំសុខភាព ក្នុងនោះស្ត្រីជាមុខសញ្ញាចម្បងដែលអាចទទួលរងផលប៉ះពាល់មុនគេ ហើយផលពិបាកនេះដែលកើតចេញពីជំងឺកូវីដ១៩ និងបង្កអោយមានវិសមភាពកាន់តែខ្លាំង។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានា ដែលឆ្លើយតបនិងផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ ពិសេសគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម (តាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ )ក្នុងកំឡុងពេលកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន៤ជុំ ការផ្ដល់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូចនិងមធ្យមជាដើម។ 


ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរចំពោះមន្ត្រីកិច្ចការនារី អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋដែលបានចូលរួមគ្រប់សកម្មភាព ក្នុងការលើកកម្ពស់សមភាពយេនឌ័រស្ត្រី ក្មេងស្រី និងក្រុមងាយរងគ្រោះដោយបានធ្វើការប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម គ្រឿងញៀន ការជួញដូរមនុស្ស ការរំលោភសេពសន្ធវៈ អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារដែលតែងតែចុះសួរសុខទុក្ខ និងនាំយកអំណោយជា ឃីត គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ជនរងគ្រោះ។ 


ទន្ទឹងនោះឯកឧត្តម ក៏បានធ្វើការស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរស់នៅប្រកបដោយអនាម័យ និងប្រុងប្រយ័ត្នក្នុងកន្លងថ្មីនៃបរិបទសង្គម នឹងត្រូវអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ និងឲ្យបានខ្ជាប់ខ្ជួននូវបីកុំនឹងបីការពារ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានរៀបចំពិធីមង្គលនានាសូមឱ្យពិនិត្យឲ្យបានច្បាស់លាស់និងកាត់បន្ថយនូវការទទួលភ្ញៀវក្នុងកម្រិតសមរម្យ ជៀសវាងការជួបជុំមនុស្សច្រើនដែលជាមុខសញ្ញានៃការចម្លងនៃជំងឺកូវីដ១៩ ចូលទៅសហគមន៍របស់យើង៕






 

No comments:

Post a Comment

Pages