អភិបាលខេត្តមណ្ឌលគិរី អញ្ជើញពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារប្រឆាំងកូវីដ-១៩ ជូនដល់មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្ត - BNP

Breaking

Friday, March 5, 2021

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារប្រឆាំងកូវីដ-១៩ ជូនដល់មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្ត

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញ បានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន ហើយវ៉ាក់សាំងដែលត្រូវចាក់នេះមាន ឈ្មោះថា ស៊ីណូហ្វាម ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្រុងសែនមនោរម្យ។ 


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ដ។ តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាល និងកម្លាំងនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តជាមុនសិន ដែលជាកងកម្លាំងជួរមុខ និងមានភាពប្រឈមខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងនៃជំងឺកូវីដ១៩នោះឡើយ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័កចំនួន ០៤ទីតាំង ហើយប្រជាពលរដ្ឋកំពុងនៅជាប់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ សរុបចំនួន ២១នាក់ ដែលពួកគាត់ធ្វើដំណើរពីតាមបណ្តាខេត្ត ដែលប្រឈមខ្ពស់ មកខេត្តមណ្ឌលគិរី។ 


ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមមនុស្សច្រើន កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។


លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរយៈ ពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែមីនា ២០២១ មានក្រុមគ្រូពេទ្យ កម្លាំងនគរបាលសរុប ១.១៥១នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងដំណាក់កាលទី១។ លោកវេជ្ជបណ្ឌិត បន្ថែមថា ការស្ម័គ្រចិត្តចាក់វ៉ាកសាំងនេះ ក៏មានក្រុមគ្រូពេទ្យជំនាញ សួរនាំអំពីព័ត៌មានលំអិតលើបញ្ហាសុខភាពជាមុន ទើបផ្ដល់ការចាក់វ៉ាក់សាំង ក្នុងករណីក្រុមគ្រូពេទ្យបានទទួលព័ត៌មានពីបញ្ហាសុខភាពណាមួយ ជាចំណុចក្នុងបម្រាមហាមឃាត់របស់វ៉ាក់សាំង គឺមិនអាចផ្ដល់ការចាក់បាននោះទេ៕







 

No comments:

Post a Comment

Pages