ប្រជាពលរដ្ឋក្រីក្រចំនួន ៤០០គ្រួសារ មកពីឃុំចំនួន១០ ក្នុងស្រុកខ្សាច់កណ្ដាល ទទួលបានអំណោយសប្បុរសធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល - BNP

Breaking

Tuesday, February 9, 2021

ប្រជាពលរដ្ឋក្រីក្រចំនួន ៤០០គ្រួសារ មកពីឃុំចំនួន១០ ក្នុងស្រុកខ្សាច់កណ្ដាល ទទួលបានអំណោយសប្បុរសធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រមកពីឃុំចំនួន១០ ក្នុងស្រុកខ្សាច់កណ្ដាល ចំនួន៤០០ គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រធាន អនុប្រធានអនុសាខាស្រុកខ្សាច់កណ្ដាល អាជ្ញាធរស្រុក និងសប្បុរសជននានាជាច្រើនរូបផងដែរ។


មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូន ដែលមានជីវភាពក្រីក្រនាពេលនេះ ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈបក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាកានយោបាយឡើយ។


ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីដឹងពីសុខទុក្ខរបស់គាត់ ពិសេសស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ ក៏ដូចជាការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់ដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរឡើយ។


ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ពិសេសចូលរួមគ្នាបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបាល ត្រូវលាងដៃនឹងសាប៊ូ អាលកុល ឬជែល ពាក់ម៉ាសជាប្រចាំនៅពេលចេញក្រៅផ្ទះ ឬនៅកន្លែងប្រជុំជន និងត្រូវរក្សាគម្លាតសុវត្ថិភាពផងដែរ។


សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រទាំង ៤០០គ្រួសារ បានទទួលការឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា ឃុន សៀ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលរួមមាន៖ អង្ករ២០គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ មីសួរ ២កញ្ចប់ មុង១ ភួយ១ និងថវិកា ចំនួន៥ម៉ឺនរៀល៕







 

No comments:

Post a Comment

Pages