សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន - BNP

Breaking

Monday, February 1, 2021

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។ 


រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។


ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ គម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។


សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាពចំពោះសមិទ្ធផលនាពេលនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា តំបន់ព្រែកតាសេកនេះ ពីមុនគឺជាតំបន់ពួនស្ទាក់របស់ពួកខ្មែរក្រហមដើម្បីវៃឆ្មក់ចូលទីក្រុងភ្នំពេញ ជាតំបន់ព្រៃមិនមានមនុស្សរស់នោះទេ ក៏ប៉ុន្តែបច្ចុប្បន្នតំបន់នេះបានក្លាយជាទីប្រជុំជន ដែលមានគម្រោងអភិវឌ្ឍជាច្រើនហូរហែរ។​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាតម្រូវការទឹកក្នុងទីក្រុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប។ ប្រជាពលរដ្ឋ៤ម៉ឺនគ្រួសារខ្វះទឹកប្រើប្រាស់ តម្រូវការទឹកក្នុងរាជធានីភ្នំពេញ គឺកើនឡើងរាល់ថ្ងៃ ដូច្នេះត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអណរគុណចំពោះក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ និងក្រុមហ៊ុនរបស់ប្រទេសបារាំង ដែលបានចូលរួមក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនះ។


សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសអង់គ្លេសនិងចិនបន្ថែមទៀត ក្នុងតម្លៃសមស្របណាមួយ ខណៈអូស្រ្តាលី នឹងផ្ដល់វ៉ាក់សាំង៣លានដូស ដល់កម្ពុជាផងដែរ។ កម្ពុជាក៏ត្រូវការជំនួយពីបារាំងនិងអឺរ៉ុបផងដែរ មិនមែនត្រូវការជំនួយតែពីចិននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានទទូចឲ្យអ្នកដំណើរ ចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយមិនអាចបន្ធូរបន្ថយ និងខកខានបានឡើយ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ កម្ពុជាជាថ្មីម្ដងទៀត។ សម្តេចតេជោ ក៏បានអំពាវនាវដល់ពលករខ្មែរ មកពីប្រទេសថៃ ក៏ដូចជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ដែលចូលមកកម្ពុជា ត្រូវតែត្រួតពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាដាច់ខាតដោយមិនអាចកាត់បន្ថយថ្ងៃ ធ្វើចត្តាឡីស័កនោះទេ ។ បច្ចុប្បន្ននេះមានពលករ ខ្មែរមកពីប្រទេសថៃ ចំនួនជាង៧ពាន់នាក់ នៅខេត្តចំនួន៧ បានកំពុងធ្វើចត្តាឡីស័ក ហើយត្រូវតែធ្វើចត្តាឡីស័ក ឲ្យបានរយៈពេល១៤ថ្ងៃ ដោយមិនត្រូវធ្វើការ កាត់បន្ថយ ពេលធ្វើចត្តាឡីស័កនោះទេ ។ 


ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំភ្លេចវិធានការ «៣កុំ» និង «៣ការពារ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានលើកឡើងថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។


មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុចប៊ូតុងភ្ជាប់មុខដំណបំពង់មេនាំទឹក និងប្រកាសបើកការសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងចាប់ពេលពេលនេះតទៅ៕





 

No comments:

Post a Comment

Pages