មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំកិច្ចប្រជុំបូកការងារប្រចាំឆ្នាំ ២០២០ និងទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២១ - BNP

Breaking

Saturday, January 30, 2021

មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំកិច្ចប្រជុំបូកការងារប្រចាំឆ្នាំ ២០២០ និងទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២១

ខេត្តសៀមរាប៖ នៅព្រឹកសុក្រ ០១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងទទួលបន្ទុកកិច្ចការវិស័យអប់រំ យុវជន និងកីឡាខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំបូកការងារប្រចាំឆ្នាំ ២០២០ និងទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២១ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអនុប្រធានមន្ទីរអប់រំ លោក លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យចំណុះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ទាំង ១២ ការិយាល័យ សរុបចំនួន ៤០ នាក់ ដែលរៀបចំនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ 


បន្ទាប់ពីបានការអនុញ្ញាតពីលោកប្រធានអង្គប្រជុំ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេបជូនអង្គប្រជុំ ពីស្ថិតិក្របខណ្ឌមន្ត្រីរាជការ និងរចនាសម្ព័ន្ធនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានចំនួន ១២ ការិយាល័យក្នុងនោះ រួមមាន៖ ការិយាល័យរដ្ឋបាល ការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ការិយាល័យគណនេយ្យ សម្ភារ: និងទ្រព្យសម្បត្តិរដ្ឋ ការិយាល័យផែនការ និងគ្រប់គ្រងជំនួយ ការិយាល័យអធិការកិច្ច ការិយាល័យអប់រំកុមារតូច ការិយាល័យបឋមសិក្សា ការិយាល័យមធ្យមសិក្សាចំណេះទូទៅ ការិយាល័យអប់រំក្រៅប្រព័ន្ធ ការិយាល័យយុវជន ការិយាល័យអប់រំកាយ និងកីឡា និងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង  ស្រុក ។ 


ជាកិច្ចបញ្ជប់នៃអង្គប្រជុំលោកអភិបាលរងខេត្តមានមតិវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរ និងលោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងគោលបំណងជួយអោយវិស័យអប់រំមានការរីកចំរើនក្នុងខេត្តសៀមរាប ទោះបីជាប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងវិបត្តិការរីករាលដាលនៃជំងឺCovide19 ក៏ដោយ ។ ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏មានមតិផ្តាំផ្ញើមួយចំនួនផងដែរ៖

-ទោះបីជាការគ្រប់គ្រងបាននូវការចំលងជំងឺCOVID 19 នៅក្នុងសហគមន៍ ក្នុងប្រទេសកម្ពូជាក៏ដោយ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបន្តយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការការពារ និងបន្តផ្សព្វផ្សាយដល់សាលាទូទាំងខេត្តសៀមរាប អោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជននិងកីឡាស្តីពីបញ្ហានៃការចំលងនៃជំងឺ Covid 19 ។ 

-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបន្តពង្រឹង និងពិនិត្យពីស្ថានភាពនៃការចូលរៀនឡើងវិញនៅតាមបណ្តាសាលារៀន រដ្ឋ និងឯកជន ទូទាំងខេត្តសៀមរាប ។

-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ភាតរភាព និងការគោរពគ្នាទៅវិញទៅមក និងស្មោះត្រង់ចំពោះអង្គភាព។

-ពង្រឹងការកិច្ចការទំនាក់ទំនងជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងស្ថាប័នជាតិ អន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយសន្តិភាព  

-ពង្រឹងគុណភាពអប់រំ ប្រសិទ្ធភាពនៃការបង្រៀន និងរៀនតាមរយះការងារអធិកាកិច្ចពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំ 

-បន្តផ្សព្វផ្សាយអោយសាលារៀនទូទាំងខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់កែលម្អបរិស្ថានសាលារៀន សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ។ 

-បន្តជំរុញ និងផ្តល់ការលើកទុកចិត្តជា តែងតាំងមុខដំណែង មេដាយការងារ និងគ្រឿងអសិរយស ជូនដល់លោកគ្រូ អ្នកគ្រូដែរមានសមត្ថភាព និងស្នាដៃក្នុងការបង្រៀន និងគ្រប់គ្រង។ 

-បង្កើតក្រុមការងារចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពការគ្រប់គ្រងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក ដោយសហការជាមួយ រដ្ឋបាលក្រុង-ស្រុក ដើម្បីអោយបានពីបញ្ហាប្រឈមនានា ។





 

No comments:

Post a Comment

Pages