ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ - BNP

Breaking

Saturday, January 16, 2021

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាជាច្រើនរូបផងដែរ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិភាក្សា និងរៀបចំផែនការសកម្មភាពកំណត់មុខងារភារកិច្ចក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ក្នុងការត្រៀមលក្ខណៈសម្រាប់ទិសដៅការងារឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់។


ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះក្រុមកាងារដែលបានចំណាយពេលវេលា កម្លាំងកាយចិត្តចូលរួមចំណែកដោះស្រាយបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ និងឃុំទាំង៦ ហើយការចូលរួមនេះដែរ បានបង្ហាញពីការយកចិត្តទុកដាក់ និងការបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។


ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ បានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារាជរដ្ឋាភិបាលដែលបានចូលរួមយ៉ាងសកម្មក្នុងអំឡុងពេលដែលប្រជាពលរដ្ឋស្រុកផ្ទាល់ជួបនូវគ្រោះទឹកជំនន់ និងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ជាសម្ភារស្បៀង និងការចុះទៅអប់រំណែនាំផងដែរ។


ទន្ទឹមនឹងនេះឯកឧត្តម អនុប្រធានទី១ ក៏បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀតដើម្បីចុះជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឱ្យពួកគាត់ធ្វើការនៅតាមមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ជាចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើរឱ្យក្រុមការងាររាជារដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ត្រូវបង្កើនសាមគ្គីភាពជាធ្លុងមួយក្នុងការងារចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយ ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ ថាក្រុមការងារនិងធ្វើឱ្យស្រុកគាស់ក្រឡទាំងមូលមានការរីកចំរើនបន្ថែមទៀត៕










 

No comments:

Post a Comment

Pages