គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល នៅតាមបណ្ដាក្រុង ស្រុក នៅក្នុងខេត្ត - BNP

Breaking

Thursday, December 31, 2020

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល នៅតាមបណ្ដាក្រុង ស្រុក នៅក្នុងខេត្ត

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដឹកនាំដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការទប់ស្កាត់ការការពារនៃការចម្លងមេរោគកូវីដ-១៩ ព្រមទាំងចែកម៉ាសដល់ប្រជាពលរដ្ឋ នៅតាមបណ្តាក្រុង-ស្រុក ចំនួន ៦គោលដៅ គឺក្រុងកំពង់ចាម ស្រុកកងមាស ព្រៃឈរ កំពង់សៀម ចំការលើ និងស្ទឹងត្រង់។


គួររំលឹកថាទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមការណែនាំពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយឡែកក្នុងឆ្នាំ២០២០នេះ ស្របពេលដែលកម្ពុជាក៏ដូចជាបណ្ដាប្រទេសនានាក្នុងសាកលលោក បាននឹងកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានចាត់តាំងក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកជំទាវអភិបាលរងខេត្ត ឲ្យចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹងអំពីអំពើជួញដូរមនុស្ស និងបន្ថែមការអប់រំផ្សព្វផ្សាយអំពីវិធានការអនាម័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។


ក្នុងឱកាសចុះផ្សព្វផ្សាយ លោកជំទាវ ប៉ាង ដានី ប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់លើខ្លឹមសារ នៃមាត្រា១៥ នៃច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលបង្ហាញថា៖ ជនណាដែលលក់ដូរជនដទៃទៀត ដោយមានគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទះរបស់ជនរងគ្រោះ ស្មុំកូន ឬទម្រង់ នៃការកេងប្រវ័ញ្ចផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់១៥ឆ្នាំ ប៉ុន្តែត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ២០ឆ្នាំ ក្នុងករណី ជនរងគ្រោះ ជាកុមារក្រោមអាយុ ១៨ឆ្នាំ ឬជាអនីតិជន។ លោកជំទាវ បានបញ្ជាក់បន្ថែមថា ប្រសិនបើបងប្អូន លង់ក្នុងការឆបោកបញ្ឆោត ដោយហេតុផលណាមួយ សូមបងប្អូន កូនក្មួយ ដាក់ជាប់ខ្លួនជានិច្ច នូវលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ ស្ថានទូតខ្មែរនៅទីនោះ និងលេខទូរស័ព្ទ ឪពុកម្តាយ បងប្អូន ក្រុមគ្រួសារ ឬលេខទូរស័ព្ទ អាជ្ញាធរភូមិ ឃុំ របស់បងប្អូនកូនក្មួយ ។


យុទ្ធនាការនេះក៏បានផ្សព្វផ្សាយសារលិខិត របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានគូសបញ្ជាក់ និងក្រើនរំលឹកដល់បងប្អូន កូនក្មួយទាំងអស់ ឲ្យមានប្រុងប្រយ័ត្នខ្ពស់ ចំពោះ ល្បិចកលឆបោករបស់មេខ្យល់ ដែលសន្យាថា នាំបងប្អូន កូនក្មួយទៅធ្វើការនៅក្រៅប្រទេស ហើយទទួលបានប្រាក់ខែខ្ពស់។ ដែលការសន្យាបែបនេះ គឺមានបំណងបោកប្រាស់ ដើម្បីទទួលបានផលប្រយោជន៍ផ្ទល់ខ្លួន ដោយការលក់បងប្អូន កូនក្មួយ ទៅឲ្យបរទេស។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ទៅដល់បងប្អូនកូនក្មួយ ដែលបាននឹងកំពុងជួបជាមួយជនឆបោក ជាមេខ្យល់ ដែលកំពុងនិយាយបញ្ចុះបញ្ចូល ក្នុងបំណងអូសទាញ ឲ្យធ្លាក់ខ្លួនជាជនរងគ្រោះ ដោយជួញដូរមនុស្សក្នុងប្រទេស និងទៅក្រៅប្រទេស សូមបងផ្តល់ព័ត៌មាន ទាំងនេះទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬលោកមេឃុំ ចៅសង្កាត់ របស់បងប្អូន ឬក៏ការជួយអន្តរាគមន៍ ពិសេសពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បែកមិច និងនាំយកមេខ្យល់ដែលឆបោកបងប្អូនកូនក្មួយ ទៅផ្តន្ទាទោសតាមច្បាប់៕





 

No comments:

Post a Comment

Pages