រដ្ឋបាលខេត្តក្រចេះ បើកសម្ភោធឱ្យដំណើរការផ្សារចុងសប្ដាហ៍ ដើម្បីជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ - BNP

Breaking

Saturday, December 26, 2020

រដ្ឋបាលខេត្តក្រចេះ បើកសម្ភោធឱ្យដំណើរការផ្សារចុងសប្ដាហ៍ ដើម្បីជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ

ខេត្តក្រចេះ៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ អញ្ជើញបើកសម្ភោធឱ្យដំណើរការផ្សារចុងសប្ដាហ៍ ដើម្បីជំរុញទីផ្សារសម្រាប់ កសិករខ្នាតតូច ដែលមានទីតាំងនៅក្បែរស្ពានស ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ក្រោមការរៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ។


លោក ជា វេង ប្រធានមន្ទីពាណិជ្ជកម្មខេត្តបានឲ្យដឹងថា ការបង្កើតផ្សារចុងសប្ដាហ៍នេះ ជាគោលបំណងធំរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតទីផ្សារកសិកម្មខ្នាតតូចក្នុងគោលបំណងបង្កើនចំណូល ដល់កសិករដែលដាំបន្លែក៏ដូចជាផលិតផលក្នុងស្រុក, ចង់ឲ្យមានជំនួបរវាងកសិករជាអ្នកផលិត ជាមួយអ្នកទិញដើម្បីឱ្យគាត់ជួបគ្នា ដើម្បីប្រាស្រ័យដោះដូរផលិតផលរបស់គាត់ ដែលគាត់ផលិតបាននិងអ្នកទិញ ចង់ទិញផលិតផលរបស់គាត់។


លោក ជា វេង បញ្ជាក់ទៀតថា ចំពោះស្តង់ដែលដាក់តាំងលក់មានចំនួន១១ស្តង់ ហើយគ្រោងនិងបង្កើតថែមទៀតអាចដល់ទៅ២០ស្តង់ ហើយដាក់លក់មានដូចជាបន្លែ មាន់ស្រែ អង្ករ ព្រមទាំងផលិតផលផ្សេងទៀត ដែលផលិតក្នុងស្រុកឲ្យយកមកដាក់លក់នៅទីនេះ ហើយលក់មួយសប្ដាហ៍តែ២ថ្ងៃប៉ុណ្ណោះគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ម៉ោង៧ព្រឹករហូតដល់ម៉ោង៨យប់។


ឯកឧត្តម គង់ គឹមនី បានបញ្ជាក់ថា ពាក់ពន្ធ័ការបង្កើតផ្សារចុងសប្ដាហ៍នេះគឺផ្ដោតទៅលើកសិករ ដែលផលិតជាសហគមន៍របស់ពួកគាត់ដែលបានផលិតបន្លែធម្មជាតិ និងត្រីសាច់ កសិផលផ្សេងៗនៅខេត្តក្រចេះ ដើម្បីបង្កើតប្រាក់ចំណូលចេញពីការធ្វើកសិកម្មសម្រាប់កសិករខ្នាតតូច តាមរយៈការធ្វើវិនិយោគសាធារណៈប្រកបដោយ ប្រសិទ្ធភាព។


ឯកឧត្តម គង់ គឹមនី បន្តទៀតថា ផលិតផលដែលតាំងលក់ក្នុងផ្សារចុងសប្ដាហ៍នេះ គឺជាកសិផលរបស់កសិករនៅក្នុងសហគមន៍ ហើយបន្លែផ្លែឈើ មាន់ស្រែ អង្ករ ដែលផលិតចេញពីកសិករ គឺធានាសុវត្ថិភាព មិនមានសាធាតុគីមី និងកាត់បន្ថយការនាំចូលបន្លែដែលមិនមានគុណភាពចូលមកខេត្តក្រចេះ។


ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់កសិករ បង្កើនការដាំបន្លែ ផ្លែឈើធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាព ឲ្យបានច្រើនដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ មិនត្រឹមតែ ក្នុងខេត្តក្រចេះនោះទេ និងលក់ឲ្យបងប្អូនជាភ្ញៀវទេសចរណ៍ ដែលមកកំសាន្តក្នុងខេត្ត ហើយសុំឲ្យកសិករនៅក្នុងសហគមន៍ប្រើសផលិតផលធម្មជាតិពិតៗផងដែរ៕





 

No comments:

Post a Comment

Pages