សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប - BNP

Breaking

Friday, November 6, 2020

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។


ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដើម្បីធានាដល់ការអនុវត្តនូវក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ បណ្ដាលិខិតបទដ្ឋានគតិយុត្តដែលតម្រូវដោយច្បាប់រៀបចំអង្គការ និងឯកសារណែនាំបច្ចេកទេសនានាប្រមាណជាង៤០០ប្រភេទទៀត ត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងមុខងារធនធាន ផែនការ របៀបរបបការងារ គោលការណ៍ នីតិវិធី និងស្ដង់ដានៃការផ្ដល់សេវាធារណៈ រួមទាំងការអភិវឌ្ឍមូលដ្ឋាន។


សម្ដេចក្រឡាហោម បញ្ជាក់បន្តថា ប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្ត ដើម្បីធានាដល់ការផ្ដល់សិទ្ធិអំណាចពេញលេញដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់ខ្លួនស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន (សិទ្ធិអំណាចទាំងនេះ រួមមាន តាំងពីការរៀបចំផែនការបុគ្គលិក ការជ្រើសរើសបុគ្គលិក ការផ្ទេរ ការតែងតាំង ការដំឡើងថ្នាក់ ឋានន្ដរស័ក្តិរហូតដល់ការចូលនិវត្តន៍។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា រដ្ឋបាលថ្នាក់ក្រោមជាតិមានតួនាទី បំពេញមុខងារជាអាណត្តិទូទៅ និងមុខងារជាការព្វកិច្ច។ មុខងារជាអាណត្តិទូទៅត្រូវបានផ្ដល់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយច្បាប់រៀបចំអង្គការពាក់ព័ន្ធ និងការគ្រប់គ្រងរដ្ឋបាល ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលការណ៍វិមជ្ឈការហិរញ្ញវត្ថុ ត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្ត ដែលរួមមាន ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ឃុំ សង្កាត់ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ក្រុង ស្រុក។ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនេះ បានផ្ដល់ឆន្ទានុសិទ្ធិដល់រដ្ឋបាលទាំងនេះក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ផ្អែកតាមគោលការណ៍ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់មូលដ្ឋាននីមួយៗ។


ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងទៀតថាដើម្បីធានាដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ យើងចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដូចនេះ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសារធារណៈគឺជាកត្តាដ៏មានសារៈសំខាន់មួយក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យនេះ ។


លើសពីនេះទៀត សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីឱ្យឯកសារទស្សនទាននេះ ទទួលបាននូវធាតុចូលបន្ថែមទៀត ជាពិសេសការមូលមតិឯកភាពគ្នាលើចក្ខុវិស័យ និងគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការរៀបចំប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យរៀបចំប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ មានដូចខាងក្រោម៖


ទី១៖ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងនៃរដ្ឋបាលសារធារណៈដោយបែងចែកសិទ្ធិ អំណាច មុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាលតាមថ្នាក់នីមួយៗត្រូវផ្អែកលើគោលការណ៍ដែលកំណត់ថា សេវាសារធារណៈនានាត្រូវផ្តល់ដោយរដ្ឋបាលថ្នាក់ណាដែលអាចមានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គមខ្ពស់បំផុត ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរ និងឆាប់រហ័សជាងគេ។

ផ្នែកលើគោលការណ៍ និងរចនាសម្ព័ន្ធមុខងារ ការទទួលខុសត្រូវ និងប្រព័ន្ធទំនាក់ទំនង អន្តរស្ថាប័នរវាងរដ្ឋបាលនីមួយត្រូវពិនិត្យ និងកែសម្រួលឡើងវិញដូចជា៖

-ក្រសួង ស្ថាប័ន្ធថ្នាក់ជាតិ: ត្រូវសិក្សាស្រាវជ្រាវជំរុញការអភិវឌ្ឍ និងនាវានុវត្តន៍តាមវិស័យជំនាញនីមួយៗ 

-រដ្ឋបាលរាជធានី: រាជធានីភ្នំពេញនឹងរៀបចំឱ្យក្លាយទៅជារដ្ឋបាលទីក្រុងមេតូ្របូលីតែន ដែលមានប្រព័ន្ធគ្រប់គ្រងដោយឡែកពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងដទៃទៀត។

-រដ្ឋបាលខេត្ត: នឹងរៀបចំប្រែក្លាយទៅជារដ្ឋបាលដែលមានរចនាសម្ព័ន្ធគ្រប់គ្រងនិងចរិតលក្ខណៈជារដ្ឋបាលតំបន់តាមគោលការណ៍នៃរដ្ឋបាលឯកភាព។

-រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់: នឹងប្រែក្លាយទៅជារដ្ឋបាលមូលដ្ឋានដែលមានស្វ័យភាព និងការទទួលខុសត្រូវជាសំខាន់លើការផ្តល់សេវាសាធារណៈចាំបាច់ជាមូលដ្ឋានដោយផ្ទាល់ជូនប្រជាពលរដ្ឋ។


ទី២៖ការរៀបចំធនធាន និងកិច្ចការពាក់ព័ន្ធចាំបាច់នានា: ជារួម ពិនិត្យ និងការកែសម្រួលឡើងវិញនូវមុខងារ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធាណៈ គឺជាកិច្ចការស្នូលនៃកម្មវិធីជាតិដំណាក់កាលទី២សម្រាប់អនុវត្តក្នុងឆ្នាំខាងមុខ។


ទី៣៖អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក: ការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ គឺជាកិច្ចការអទិភាពមួយដែលយើងត្រូវរៀបចំ និងជំរុញការអនុវត្តនៅគ្រប់កម្រិតថ្នាក់នៃរដ្ឋបាលសាធារណៈដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនយ៉ាងឆាប់រហ័សនូវបច្ចកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា។


ទី៤៖កិច្ចការអន្តរវិស័យ: កម្មវិធីជាតិដំណាក់កាលទី២ នឹងបន្តផ្តោតទៅលើការលើកកម្ពស់ការងារអន្តរវិស័យចាំបាច់នានារួមមានការងារយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ការប្រែប្រួលអាកាសធាតុនិងគ្រោះមហាន្តរាយតាមរយៈការបញ្ជ្រាបកិច្ចការអន្តរវិស័យទាំងនេះទៅក្នុងរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបានលទ្ធភាពពេញលេញក្នុងការគ្រប់គ្រងធនធានមនុស្ស ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើសអើង ការប្រកាន់ពូជសាសន៍ សាសនា ភេទ ក្រុមជនងាយរងគ្រោះផ្សេងទៀត។


ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងនូវគោលបំណងនៃការរៀបចំឱ្យមានសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)នេះឡើង ម្បីផ្តល់ឱកាសជូនដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលក្នុងការពិនិត្យ ពិភាក្សានិងពិគ្រោះយោបល់លើចក្ខុវិស័យសម្រាប់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។


សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា សិក្ខាសាលាជាតិនាថ្ងៃនេះ នឹងទទួលបាននូវមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់ជាច្រើនបន្ថែមទៀតសម្រាប់ការកំណត់នូវចក្ខុវិស័យ និងកិច្ចការជាអាទិភាពនានា នៃកម្មវិធីជាតិដំណាក់កាលទី២ ឱ្យកាន់តែមានភាពជាក់លាក់ ច្បាស់លាស់ និងអាចសម្រេចបាននៅក្នុងរយៈពេល១០ ឆ្នាំខាងមុខ៕






 

No comments:

Post a Comment

Pages