ឯកឧត្តម​ ជាវ​ តាយ​ នាំពូជស្រូវចែកប្រជាពលរដ្ឋរងផលប៉ះពាល់ខូចខាតស្រូវដោយទឹកជំនន់ក្នុងស្រុកកំពង់ត្រាច​ និងស្រុកបន្ទាយមាស - BNP

Breaking

Tuesday, November 10, 2020

ឯកឧត្តម​ ជាវ​ តាយ​ នាំពូជស្រូវចែកប្រជាពលរដ្ឋរងផលប៉ះពាល់ខូចខាតស្រូវដោយទឹកជំនន់ក្នុងស្រុកកំពង់ត្រាច​ និងស្រុកបន្ទាយមាស

ខេត្តកំពត៖ ឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំពូជស្រូវ ដើម្បីចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខូចខាតលើដំណាំស្រូវ ដោយគ្រោះទឹកជំនន់កន្លងទៅ ក្នុងស្រុកចំនួន ២ គឺស្រុកកំពង់ត្រាចនិងស្រុកបន្ទាយមាសស្មើនឹង៩៦៤គ្រួសារ។


ក្នុងនោះមកពីស្រុកកំពង់ត្រាច មានឃុំចំនួន២ សរុបចំនួន២៣៤គ្រួសារ និងស្រុកបន្ទាយមាស មានឃុំចំនួន ៧សរុបចំនួន៧៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូ សរុបពូជស្រូវដែលត្រូវចែកដល់ដៃប្រជាពលរដ្ឋមានចំនួន៩៦តោន៤០០គីឡូ។


សូមបញ្ជាក់ថា ពូជស្រូវចែកជូនប្រជាពលរដ្ឋពេលនេះ គឺប្រភេទពូជស្រូវ(OM5451)ជាពូជមិនប្រកាន់រដូវ ផ្ដល់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកជូនរដ្ឋបាលខេត្តកំពត តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ ដើម្បីបែងចែកដល់គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតលើដំណាំស្រូវ សម្រាប់ធ្វើការសាបព្រួសស្ដារការខូចខាតឡើងវិញ ដែលរងការបំផ្លាញដោយទឹកជំនន់ក្នុងខែតុលាកន្លងទៅ។


មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នាគឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោ​ ហ៊ុន​  សែន ដែលជានិច្ចកាលសម្ដេចតេជោ តែងរួមសុខរួមទុក្ខនិងដោះស្រាយការលំបាកផ្សេងៗជាច្រើនជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលទុកឲ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់ដោយមិនមានការដោះស្រាយឡើយ។


ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានពូជស្រូវនេះ ត្រូវខិតខំយកចិត្តទុកដាក់ យកទៅធ្វើការសាបព្រួសស្ដារការដាំដុះឡើងវិញឲ្យបានឆាប់រហ័ស និងទាន់រដូវកាលព្រមទាំងដាំដំណាំរួមផ្សំ​ និងចិញ្ចឹមសត្វ ដើម្បីបានផលសម្រាប់បង្កើនជីវភាពគ្រួសារឲ្យបានកាន់តែប្រសើរឡើង។ 


ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹក ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានគម្លាតសង្គម ឲ្យបានទាំងអស់គ្នាបើគ្មានការចាំបាច់ក្នុងឱកាសជួបជុំណាមួយ។ ពិសេសសំខាន់បំផុតត្រូវអនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ​ ហ៊ុន សែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ឲ្យបានដាច់ខាត ព្រោះជំងឺនេះនៅមិនទាន់ផុតរលត់ពីពិភពលោកយើងនៅឡើយទេ។


ក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប៥០ម៉ឺនរៀល ជូនដល់កងកម្លាំង ២៥នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។








 

No comments:

Post a Comment

Pages