ពិធីប្រកាសបញ្ចូលយុវជនចំនួន ៥១៣រូប ជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា - BNP

Breaking

Monday, October 19, 2020

ពិធីប្រកាសបញ្ចូលយុវជនចំនួន ៥១៣រូប ជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការគណបក្សក្រុងកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកភាពគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង។ ក្នុងពិធីនោះ មានការចូលរួមពីសំណាក់លោក លោកស្រីក្រុមការងារថ្នាក់កណ្តាល ប្រធានក្រុមការងារចុះជួយតាមសង្កាត់ ថ្នាក់ខេត្តចុះជួយសង្កាត់ គណបក្សសង្គាត់ ព្រមទាំង លោកនាយក លោកគ្រូ អ្នកគ្រូ លោក លោកស្រី ជាក្រុមបក្សភូមិ សមាសភាពទើបប្រកាសបញ្ចូលថ្មីចំនួន៥១៣រូប ស្រី២៧៨នាក់ មកពីវិទ្យាល័យព្រះសុរាម្រឹត ចំនួន៤២៨នាក់ ស្រី២៣០នាក់ និងវិទ្យាល័យក្រុងកំពង់ឆ្នាំង ចំនួន៨៥នាក់ ស្រី៤៨នាក់ ដែលសុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ដែលពិធីនេះប្រារព្ធនៅទីស្នាក់ការគណបក្សខេត្ត។ 


តាមការបញ្ជាក់របស់ប្រធានគណបក្សក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ពិធីប្រកាសបញ្ចូលសមាជិកថី្មទាំង៥១៣រូប មកពីវិទ្យាល័យក្រុងកំពង់ឆ្នាំង និងវិទ្យាល័យសុរាម្រឹត មកសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបងប្អូនទើបគ្រប់អាយុសុំចូលជាសមាជិកថ្មី ដោយពួកគេយល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ អាចផ្ដល់សេចក្ដីសុខ និងសន្តិភាពដ៏រឹងមាំក្នុងការដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទាប់ពីការអាន នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរួចមក គណៈអធិបតីបានធ្វើការប្រគល់នូវ សេចក្តីសម្រេចរបស់គណបក្សដល់សមាជិកថ្មីទាំង ៥១៣រូប និងការឡើងធ្វើការប្តេជ្ញាចិត្ត របស់តំណាងសមាជិកថ្មីរួចមក  លោកស្រីប្រធានក្រុមការងារ បានមានប្រសាសន៍ថា បងប្អូនទាំងអស់ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន គឺត្រូវមានភាពស្មោះត្រង់ និងប្រតិបត្ដិតាមគោលនយោបាយរបស់គណបក្ស បន្ដគាំទ្រនូវលក្ខន្ដិកៈរបស់គណបក្សត្រូវសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់។ 


ក្នុងនោះ ត្រូវគោរពក្រមសីលធម៌ដែលគណបក្សប្រគល់ជូន ឲ្យបានជានិច្ច និង បន្តគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអាណត្តិក្រោយៗទៀត ព្រមទាំងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខនេះ។


ជាមួយគ្នានោះ លោកស្រី បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។ ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានក្រុង និងក្រុមការងារចុះជួយសង្កាត់ទាំងបួន ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ឲ្យបានកាន់តែបានល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗឲ្យបានឆាប់រហ័ស និងក្រើនរំលឹកដល់ក្មួយៗ ជាសមាជិកគណបក្សថ្មី អំពីការបន្តរក្សាទំនាក់ទំនងរវាងគ្នា និងជួយផ្សព្វផ្សាយបន្ត ក៏ដូចជាធ្វើការអប់រំដល់ប្រជាពលរដ្ឋយើងអំពីសីលធម៌ សុជីវធម៌នៅក្នុងសង្គមផងដែរ។ 


បន្ថែមពីនោះ លោកស្រី បានក្រើនរំលឹកអំពីការបង្ការការពារជម្ងឺកូវីដ១៩ និងត្រូវប្រុងប្រយ័ត្នជានិច្ចនូវជំនន់ទឹកភ្លៀង៕








 

No comments:

Post a Comment

Pages